រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានការមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានីភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់

ខេត្តកណ្តាល៖ ការប្រើប្រាស់ថ្នាំជក់បង្កអោយមានបញ្ចាសុខភាពធ្ងន់ធ្ងរ និងមានទំហំធំធេងដែលជាបន្ទុក សម្រាប់អោយរាជរដ្ឋាភិបាលដោះស្រាយ។ តាមរបាយការរបស់អង្គការសុខភាពពិភពលោក ការប្រើប្រាស់ថ្នាំជក់បង្កអោយស្លាប់មុនអាយុកំណត់ បង្កអោយមានជំងឺមហារីក ជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ នៅកម្ពុជាប្រជាពលរដ្ឋប្រមាណ ១៥០០០នាក់បានស្លាប់ ដោយសារជំងឺបង្កពីការប្រើប្រាស់ថ្នាំជក់ ហើយថវិការរាប់ពាន់លានដុល្លារត្រូវបានខាតបង់ក្នុងមួយឆ្នាំៗ។លោកជំទាវ សាន្ត អរុណ រដ្ឋលេខាក្រសួងកិច្ចការនារី និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានមានប្រសាសន៍ដូច្នេះនៅក្នុង សិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីវិធានការមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយហានីភ័យបណ្ដាលមកពីការប្រើប្រាស់ថ្នាំជក់ ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិកា ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាល លោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ និងគរុសិស្សជាច្រើនរូប។លោកជំទាវបានបញ្ជាក់ថា ខណៈដែលរាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ ឧស្សាហកម្មថ្នាំជក់ ក៏បានខិតខំប្រឹងប្រែងមិនឈប់ឈរ ដើម្បីស្វែងរកអ្នកជក់ថ្មីៗទៀត ដូចអង្គការសុខភាពពិភពលោកបានបញ្ជាក់កន្លងមកហើយថា ផលិតផលថ្នាំជក់ សម្លាប់ប្រមាណពាក់កណ្តាលនៃអ្នកប្រើប្រាស់ទាំងអស់ ប្រាកដណាស់ក្រុមហ៊ុនថ្នាំជក់ត្រូវការអ្នកជក់ថ្មីៗទៀតដើម្បីរក្សាផលចំណេញ។លោកជំទាវបានបន្តថា វិធានការឈ្នះ ឈ្នះ សម្រាប់សុខភាពសាធារណៈ និងសម្រាប់រាជរដ្ឋាភិបាលគឺ ការដំឡើងពន្ធលើ ផលិតផលថ្នាំជក់ ព្រោះការដំឡើងពន្ធនឹងជួយអោយប្រជាពលរដ្ឋឈប់ចំណាយថវិកាទិញបារីដែលជាផលិតផល មិនចាំបាច់ ហើយកាត់បន្ថយយុវជនពីការចង់សាកល្បងប្រើប្រាស់បារីផងដែរ មានន័យថាយើងអាចបង្ការពួកគាត់ពី ការញៀន ការឈឺ ការស្លាប់ និងពិការដែលបង្កពីការប្រើប្រាស់ថ្នាំជក់បាន ម្យ៉ាងវិញទៀតរដ្ឋាភិបាលនឹងទទួលបានចំណូលពន្ធបន្ថែមផងដែរ។ តាមបទពិសោធន៍របស់ប្រទេសក្នុងតំបន់អាស៊ាន ដូចជា ថៃ ហ្វីលីពីន សិង្ហបុរី បានបង្ហាញថា ការដាក់ចេញនូវវិធានការដំឡើងពន្ធថ្នាំជក់ ធ្វើអោយរដ្ឋាភិបាលទទួលបានចំនូលពន្ធកើនឡើង ព្រមទាំងជួយបង្ការ ប្រជាពលរដ្ឋពីជំងឺដែលបង្កដោយការប្រើប្រាស់ថ្នាំជក់ទៀតផង។លោកជំទាវបានបន្ថែមទៀតថា កម្ពុជាជាសមាជិកនៃអនុសញ្ញាស្ដីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ហេតុនេះការដំឡើងពន្ធថ្នាំជក់ក៏ជាកាតព្វកិច្ចមួយរបស់កម្ពុជាក្នុងនាមជារដ្ឋភាគីផងដែរ។ ទាក់ទងនឹងការដំឡើងពន្ធថ្នាំជក់នេះដែរ ការស្ទង់មតិរបស់សកលវិទ្យាល័យជាតិមានជ័យកាលពីឆ្នាំ ២០២១ បានបង្ហាញថា ប្រជាពលរដ្ឋកម្ពុជារហូត ដល់ ៩៤%គាំទ្រអោយមានការដំឡើងពន្ធថ្នាំជក់ ហើយពួកគាត់បានសម្ដែងមតិថា ពន្ធថ្នាំជក់គួរតែមានអត្រាជាមធ្យមប្រមាណ ៦០%ធៀបតម្លៃលក់រាយ។គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជាមានអត្រាពន្ធថ្នាំជក់ទាបគឺ ត្រឹមតែ ២៥% ទៅ ៣១% ធៀបតម្លៃលក់រាយ ខណៈដែលប្រទេសថៃ ប្រុយណេ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពី ភូមា សុទ្ធតែមានអត្រាខ្ពស់ជាង ៥០% ធៀបតម្លៃលក់រាយ ។

អត្ថបទទាក់ទង