ខេត្តកណ្ដាល៖ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ចាំបាច់ត្រូវតែធ្វើការកែលម្អ និងលើកកំពស់ឡើងវិញ ដើម្បីអោយស្ថានភាពអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងធានាជូនប្រជាពលរដ្ឋទទួលបាននូវ សេវាសុខាភិបាលមួយប្រកបដោយគុណភាព និងសមធម៌ពិតប្រាកដ។ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្ត កណ្តាល បានលើកឡើងបែបនេះក្នុងឱកាសដែលលោកវេជ្ជបណ្ឌិត អញ្ជើញជាអធិបតីក្នុងទិវាអភិវឌ្ឍន៍វិជ្ជាជីវ:វជ្ជសាស្ត្របន្តលើកទី៩ ដែលរៀបចំធ្វើឡើងនៅសាលាគរុកោសល្យភូមិភាគ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដែលទិវានេះមានការអញ្ជើញចូលរួមពីលោក លោកស្រីជាវេជ្ជបណ្ឌិត គ្រូពេទ្យ ជាច្រើនរូប។ លោកវេជ្ជបណ្ឌិត បន្តថា ដើម្បីលើកកម្ពស់ទំនុកចិត្តដល់ប្រជាពលរដ្ឋចំពោះការផ្ដល់សេវាសុខាភិបាលសាធារណៈវេជ្ជបណ្ឌិត គ្រូពេទ្យទន្តបណ្ឌិត ទន្តពេទ្យ ឱសថការី គិលានុបដ្ឋាក ឆ្មប ត្រូវប្រតិបត្តិអោយបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ និងយកចិត្តទុកដាក់ក្នុងការផ្តល់សេវាជូនគាត់ប្រកបដោយក្រមសីលធម៌ គុណភាព និងសមធម៌។ ដូចនេះ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល ចាំបាច់ត្រូវតែកែលម្អ ការធ្វើបច្ចុប្បន្នភាព ការប្រើប្រាស់ពិធីសារ និងមគ្គុទេសន៍គ្លីនិកនានា សំដៅលើកកម្ពស់ការថែទាំ ព្យាបាលអោយបានត្រឹមត្រូវ មានគុណភាព ប្រសិទ្ធិភាព ដោយផ្អែកលើពិធីសារជាតិត្រឹមត្រូវ។ ក្នុងឱកាសនោះដែរ លោកវេជ្ជបណ្ឌិត គួយ ប៊ុនធឿន បានស្នើដល់គ្រប់អង្គភាពសុខភិបាលទាំងអស់ ទាំងរដ្ឋ និងឯកជន ត្រូវតែផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាម គោលនយោបាយរបស់ក្រសួងសុខាភិបាល គឺកាត់បន្ថយការឈឺ ស្លាប់ បន្ថយបន្ទុកជំងឺឆ្លង-ជំងឺមិនឆ្លង បង្ការហានិភ័យសាធារណៈ និងបន្ថយបន្ទុកលើការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ ដោយផ្តោតជាចំបងលើការផ្តល់សេវាបង្ការជំងឺ អប់រំលើកកម្ពស់សុខភាព ធ្វើរោគវិនិច្ឆ័យ ផ្ដល់ការព្យាបាលថែទាំ និងស្តារនិតិសម្បទា ពង្រឹងនិយ័តកម្មការផ្តល់សេវាសុខាភិបាល គ្រប់គ្រងហានិភ័យលើសុខភាពដែលបង្កឡើងដោយគ្រោះមហន្តរាយ និងចលនាប្រជាពលរដ្ឋឱ្យចូលរួមយ៉ាងសកម្មក្នុងការរក្សាសុខភាព និងសុខមាលភាពផ្ទាល់ខ្លួនក្នុងគ្រួសារ។