រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ទណ្ឌិតចំនួន ២៦នាក់ ត្រូវបានពន្ធនាគារខេត្តកណ្តាលស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ខាងមុខនេះ

ខេត្តកណ្តាល៖ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល តំណាងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើឱ្យមន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសឱ្យទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល។ ឯកឧត្តមអភិបាលរងខេត្តកណ្ដាល បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក និងពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២២ កាលពីរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាខេត្តកណ្តាល។ ឯកឧត្តមអភិបាលរង បានលើកឡើងថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ ត្រូវភ្ញាក់រលឹកខិតខំកែប្រែគំនិតមាយាទឱ្យក្លាយទៅជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មចូលរួមរស់នៅក្នុងសង្គមវិញ គោរពប្រតិបត្តិបានយ៉ាងហ្មត់ចត់ និងត្រឹមត្រូវ តាមបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគម្រូល្អដល់ទណ្ឌិត និងជនជាប់ឃុំដទៃទៀត ចូលរួមអនុវត្តយ៉ាងសកម្ម និងទៀតទាត់នូវកម្មវិធីអប់រំកែប្រែ កម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកម្មវិធីសមាហរណកម្ម ។ គួរបញ្ជាក់ដែរថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន០៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឱទណ្ឌិត ក្នុងនោះមាន ៖ ១/ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា។ ២/ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ៣/ពិធីបុណ្យវិសាខបូជា។៤/ពិធីបុណ្យឯករាជ្យជាតិ។ ៥/ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឯម និមល ប្រធានពន្ធនាគារខេត្ត បានឱ្យដឹងថា អង្គភាពពន្ធនាគារខេត្តកណ្ដាលបានជ្រើសយកទណ្ឌិតចំនួន ២៦នាក់ ស្រី ០៣នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាស ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងពិធីបុណ្យឯងរាជ្យជាតិ ឆ្នាំ២០២២ ជាលទ្ធផលទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៣ខែមានចំនួន ១៧នាក់សម្រេចអោយ ១៥នាក់ ទណ្ឌិតដែលបានស្នើសុំបន្ធូរបន្ថយទោសរយៈពេល ៦ខែមានចំនួន ០៣នាក់គ្មាន ទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ៩ខែមាន ០៣នាក់ សម្រេចឲ្យបាន ០៣នាក់ និងទណ្ឌិតស្នើសុំបន្ទូរបន្ថយទោសរយៈពេល ១២ខែមាន ០២នាក់ សម្រេចឲ្យបាន ០១នាក់ ទណ្ឌិតសុំលើកលែងទោល ០១នាក់ សម្រេចឱ្យ ០១នាក់។

អត្ថបទទាក់ទង