រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

រដ្ឋបាលខេត្តកណ្តាល បានប្រជុំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និង វាយតម្លៃ លើការគ្រប់គ្រងសំរាម និងសំណល់រឹងរបស់រដ្ឋបាលក្រុង-ស្រុក

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំសម្របសម្រួល តាមដាន ត្រួតពិនិត្យ និង វាយតម្លៃការងាររដ្ឋបាលក្រុង-ស្រុក លើការគ្រប់គ្រងសំរាម និងសំណល់រឹង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា បញ្ហាការគ្រប់គ្រងសំរាម និងសំណល់រឹង អាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវតែធ្វើដោយឆន្ទៈមោះមុត ធ្វើជាប់ជាប្រចាំដូចភ្លៀងរលឹម ត្រូវរៀបចំនូវផែនការយុទ្ធសាស្រ្តឱ្យបានត្រឹមត្រូវ និងល្អិតល្អន់ ជាពិសេសត្រូវរៀបចំផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំសម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងនៅតាមក្រុង-ស្រុកនីមួយៗផងដែរ ទើបធ្វើឱ្យការគ្រប់គ្រងសំរាម និងសំណល់រឹងទទួលបានជោគជ័យ។ឯកឧត្តមបានបន្ថែមថា ដើម្បីធ្វើឱ្យការគ្រប់គ្រងសំរាម និងសំណល់រឹងកាន់តែឆាប់ទទួលបានជោគជ័យ អជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវតែប្រើប្រាស់ទាំងវិធានការរដ្ឋបាល វិធានការច្បាប់ឱ្យបានតឹងរឹង និងត្រូវផ្សព្វផ្សាយអប់រំបញ្ជាប់ការយល់ដឹង អំពីការទុកដាក់សំរាម និងសំណល់រឹងឱ្យបានផលផុស ដល់ស្រទាប់យុវជន កុមារ កម្មករ កម្មការនី និងប្រជាពលរដ្ឋ នៅតាមទីសាធារណ: ក្នុងកិច្ចប្រជុំ វេទិកានានា តាមសាលារៀន រហូតធ្វើឱ្យពួកគាត់មានការយល់ដឹង និងភ្ញាក់រលឹក ចេះស្រឡាញ់បរិស្ថាន ភាពស្អាត និងបៃតង ងាក់មកចូលរួមសហការជាមួយអជ្ញាធរ ក្នុងការរៀបចំទុកដាក់សំរាម និងសំណល់រឹងបានត្រឹមត្រូវ បញ្ឈប់ការបោះចោលសំរាមពាសវាលពាសកាលតាមសាធារណៈប្រភពទឹក និងតាមដងផ្លូវជាដើម ។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ មន្ទីរបរិស្ថានខេត្ត អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង-ស្រុកទាំង១១ ត្រូវត្រៀមទីតាំងដីសម្រាប់ធ្វើទីលានចាក់សំរាម ឬត្រូវស្នើសុំផ្លាស់ប្ដូរទីលានថ្មីជំនួសទីលានដែលពេញហួសសមត្ថភាព អជ្ញាធរតែត្រូវបន្តសកម្មភាពរបស់ខ្លួន លើការងារសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀន និងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈជាប្រចាំ នៅតាមទីផ្សា និងទីប្រជុំជន ជាពិសេសត្រូវពង្រីកលើសេវាប្រមូលសំរាម សំណល់រឹងក្នុងមូលដ្ឋានខ្លួនឱ្យមានប្រសិទ្ធភាព។ ត្រូវយកចិត្តទុកដាក់លើការរៀបចំសួនច្បារ ឬសួនឧស្សាន និងការដាំដើមឈើដើមផ្កា និងស្មៅ នៅតាមសាលារៀន មណ្ឌលសុខភាព វត្តអារាម និងទីសាធារណៈសំខាន់ៗ ជាពិសេសត្រូវបំផុសឱ្យប្រជាពលរដ្ឋចូលរួមដាំដើមឈើ ដាំផ្កានៅតាមផ្ទះរៀងៗខ្លួន តាមរយៈយុទ្ធនាការ “សហគមន៍ស្អាត-បៃតង”។

អត្ថបទទាក់ទង