ខេត្តកណ្ដាល ៖ ព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាលតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញសំណេះសំណាល និងទទួលអំណោយ អង្ករ ចំនួន០៥តោន ពីលោក GOD,BOK-GYOO អភិបាលស្រុក Hwasun នៃសាធារណៈរដ្ឋ កូរ៉េ ដើម្បីចូលរួមសម្រាប់ការងារមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងភូមិសាស្រ្តខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្ដម តាំង ម៉េងលាន បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់លោក GOD,BOK-GYOO អភិបាលស្រុក Hwasun នៃសាធារណៈរដ្ឋ កូរ៉េ ដែលបានចំណាយនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។ ឯកឧត្តមអភិបាលខេត្ត ក៏បញ្ចាក់ថារដ្ឋបាលខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក៏ដូចជាប្រជាពលរដ្ឋដែលជួបបញ្ហាគ្រោះធម្មជាតិនានាផងដែរ។