រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ក្រុងតាខ្មៅត្រូវបានអាជ្ញាធរខេត្ត និងមន្ទីរជំនាញ ចុះមកផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល មុននឹងបញ្ចូលជាក្រុង ODF ជាផ្លូវការ

ខេត្តកណ្តាល៖ ឯកឧត្តម នុត ពុធដារ៉ា អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា ក្នុងខែកញ្ញានេះរដ្ឋបាលខេត្ត និងមន្ទីរជំនាញនឹងចុះផ្ទៀងផ្ទាត់លើការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ឱ្យបានចប់សព្វគ្រប់ទាំង១១ក្រុង-ស្រុកក្នុងខេត្ត ត្រៀមស្មើទៅក្រសួង ចុះមកពិនិត្យវាយតម្លៃជាផ្លូវការថាខេត្តកណ្ដាលពិតជាខេត្ត ODF ជាប់ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស។ឯកឧត្តមបានមានប្រសាសន៏ដូច្នេះ នៅក្នុងការចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅក្រុងតាខ្មៅ ក្នុងសង្កាត់គោលដៅចំនួន២ គឺ សង្កាត់កំពង់សំណាញ់ និងសង្កាត់ព្រែកហូរ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពី លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ និងមន្ត្រីជំនាញជាច្រើនរូបទៀត។ឯកឧត្តមបានបន្តថា ដើម្បីធ្វើឱ្យខេត្តកណ្ដាលក្លាយជាខេត្ត ODF មានន័យថាប្រជាពលរដ្ឋក្នុងខេត្តទាំងទូទាំងខេត្តកណ្ដាល គឺមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ បញ្ឈប់បានទាំងស្រុងនូវការបន្ទោបង់ពាសវាលពាសកាល ទាំងការចិញ្ចឹមសត្វពាហនៈ មាន់ទាក៏ត្រូវមានទ្រុងដាក់ សំអាតលាមកជាប្រចាំ គឺចាំបាច់ទាមទារឱ្យអាជ្ញាធរ ភូមិ-ឃុំ-ស្រុក ត្រូវតែខិតខំចុះផ្សព្វផ្សាយអប់រំណែនាំ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យមានការយល់ដឹងខ្ពស់អំពីសុខភាព ភាពស្អាត និងអនាម័យ ត្រូវធ្វើយ៉ាងណាជំរុញឱ្យប្រជាពលរដ្ឋមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ ចេះធ្វើអនាម័យខ្លួនប្រាណ សម្អាតដៃជាប្រចាំជាមួយសាប៊ូ និងចេះសម្អាតបរិស្ថានជុំវិញផ្ទះផងដែរ។ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា ការចុះផ្ទៀងផ្ទាត់ ODF នៅក្រុងតាខ្មៅនាពេលនេះ គឺជាការចុះវាយតម្លៃដោយថ្នាក់ខេត្ត ហើយនៅពេលបន្តិចទៀតនេះខាងក្រសួងអភិវឌ្ឍន៍ជនបទនឹងចុះមកវាយតម្លៃខេត្តវិញម្ដង នៅក្នុងការចុះនោះក្រសួងមិនបានឱ្យយើងបានដឹងមុនថាត្រូវចុះនៅទីតាំង ភូមិ ឃុំ ស្រុកណាមួយនោះទេ ដូច្នេះអាជ្ញាធរ ភូមិ ឃុំ ស្រុក ត្រូវត្រៀមខ្លួនឱ្យរួចរាល់ គ្រប់លក្ខខណ្ឌដែលជាសូរចណាករ របស់ក្រសួងក្នុងការចុះវាយតម្លៃ ត្រូវប្រាកដថាក្នុងមូលដ្ឋានរបស់ខ្លួនគឺនៅតាមក្នុងផ្ទះរបស់ប្រជាពលរដ្ឋ សាលារៀន សាលាឃុំ សាលាស្រុក ត្រូវមានបង្គន់អនាម័យប្រើប្រាស់បានត្រឹមត្រូវ មានភាពស្អាត មិនមានក្លិន មានទឹក និងសាប៊ូ មានបរិស្ថានស្អាត សំដៅធ្វើឱ្យការចុះវាតម្លៃ ODF ក្នុងខេត្តកណ្ដាលទទួលបានលទ្ធផលល្អប្រសើរតាមការគ្រោងទុក។លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានឱ្យដឹងថា ខេត្តកណ្តាលទទួលបាន ODF ចំនួន ៤ស្រុករួមហើយដែលបានប្រកាសទទួលស្គាល់ជាផ្លូវការដោយក្រសួងអភិវឌ្ឍន៍ គឺមាន៖ ស្រុកអង្គស្នួល កណ្តាលស្ទឹង លើកដែក និងស្រុកខ្សាច់កណ្តាល ហើយនាពេលថ្មីៗនេះ ស្រុកល្វាឯម ស្រុកកោះធំ និងស្រុកពញាឮត្រូវបានជាប់ជាស្រុក ODF ផងដែរ ក្នុងក្របខ័ណ្ឌផ្ទៃក្នុងរបស់ខេត្ត ដែលមិនទាន់ធ្វើលិខិតបញ្ជូនទៅក្រសួងធ្វើការប្រកាសជាផ្លូវការ ជំហ៊ានបន្ទាប់ ក្រុមការងារនឹងបន្តចុះផ្ទៀងផ្ទាត់ ការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅស្រុកកៀនស្វាយ។នាឱកាសនោះដែរ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរខេត្ត និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលបានចុះមកចុះផ្ទៀងផ្ទាត់ អំពីស្ថានភាពបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅក្រុងតាខ្មៅ រដ្ឋបាលក្រុងនឹងផ្ដល់កិច្ចសហការយ៉ាងពេញទំហឹងជាមួយមន្ទីរ និងអាជ្ញាធរខេត្ត។

អត្ថបទទាក់ទង