ខេត្តកណ្ដាល៖ អភិបាលខេត្តកណ្ដាល បញ្ជាដល់អាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងទាំងបី ត្រូវយកចិត្តទុកដាក់បង្ការ បង្ក្រាប និងទប់ស្កាត់រាប់បទល្មើសនានា ដែលកើតមានឡើងក្នុងភូមិសាស្ត្រខេត្តកណ្ដាល ពិសេសក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីឯកឧត្តម អភិបាលរងខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង-ស្រុកទាំង១១ និងមន្ទីរអង្គភាពជុំវិញខេត្ត។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលកំពុងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃនេះ។ ក្រៅពីនេះគណៈបញ្ជាការឯកភាពទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានយ៉ាងល្អប្រសើរនៅក្នុងមូលដ្ឋានរបស់ខ្លួន។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា បញ្ហាការជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា គឺជាបញ្ហាមួយដ៏ចម្បង ដែលតម្រូវឱ្យគ្រប់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាលទាំងអស់ ត្រូវបន្តពង្រឹងយកចិត្តទុកដាក់ ក្នុងការបង្ការ បង្ក្រាប និងទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដោយមិនត្រូវឱ្យមានជាដាច់ខាតនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល បើទោះបីជាកន្លងមកនៅក្នុងខេត្តកណ្ដាលមិនទាន់មានបទល្មើសនៃការជួញដូរមនុស្សក៏ដោយ។