រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ចុះត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណង់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ

ខេត្តកណ្ដាល៖ អាជ្ញាធរខេត្តកណ្ដាល សហការជាមួយគណៈកម្មាធិការអន្តរក្រសួង រួមជាមួយអាជ្ញាធរក្រុងតាខ្មៅ ដឹកនាំដោយឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដាក់ជញ្ជីងចល័ត ដើម្បីត្រួតពិនិត្យ រថយន្តដឹកជញ្ជូនលើសទម្ងន់កំណង់ លើកំណាត់ផ្លូវ១១៥ ក្នុងក្រុងតាខ្មៅ នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២។ ប្រសាសន៍នៃឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម ហាក់ សុខមករា បានឱ្យដឹងថា ការដាក់ជញ្ជីងចល័តត្រួតពិនិត្យនេះដែរ ក្នុងគោលបំណងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីកាត់បន្ថយការឆាប់ខូចផ្លូវ និងធ្វើឱ្យផ្លូវប្រើប្រាស់បានយូរអង្វែង ហើយក៏រួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលបណ្ដើរមកពីការដឹកលើកទម្ងន់នេះផងដែរ។ ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការដាក់ជញ្ជីងចល័តចុះត្រួតពិនិត្យនេះ គឺបន្តដាក់នៅគ្រប់ទីកន្លែង ពិសេសផ្លូវជាតិសំខាន់ៗដែលកំពុងប្រឈមទៅនឹងការដឹកលើសទម្ងន់កំណត់ ដែលបណ្ដាលឱ្យឆាប់ខូចផ្លូវ ហើយការដាក់ជញ្ជីងចល័តនេះ គឺនឹងបន្តដាក់ជាប្រចាំដូចភ្លៀងរលឹម។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហាក់ សុខមករា បានអំពាវនាវដល់ម្ចាស់ជីវករដឹកជញ្ជូនគ្រប់ប្រភេទ ពិសេសដេប៉ូខ្សាច់ទាំងអស់ សូមកុំដឹកជញ្ជូនឱ្យលើសទម្ងន់ និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក គោរពច្បាប់ផ្លូវថ្នល់ និងគោរពច្បាប់ស្ដីពីការដឹកជញ្ជូនលើសទម្ងន់កំណត់។ លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្ដាល បានឱ្យដឹងផងដែរថា ចំពោះរថយន្តដឹកជញ្ជូនលើសទម្ងន់កំណត់ក្រោម10% គឺត្រូវផាកពិន័យនៅនឹងកន្លែង ហើយឱ្យពួកគាត់ឬអីវ៉ាន់ចុះ ទើបអនុញ្ញាតឱ្យពួកគាត់បន្តដំណើរ។ ចំពោះរថយន្តដែលដឹកទំនិញលើសទម្ងន់កំណត់ចាប់ពី 20% ឡើងទៅ ត្រូវឃាត់រថយន្តទុករយៈពេលមួយឆ្នាំ នឹងត្រូវធ្វើការផាកពិន័យតាមច្បាប់ដែលបានកំណត់។ សូមបញ្ជាក់ផងដែរថាក្នុងការចុះត្រួតពិនិត្យនេះដែរ ក្រុមការងារបានត្រួតពិនិត្យលើរថយន្តចំនួន ២០គ្រឿង និងបានរកឃើញរថយន្តមួយគ្រឿងបានដឹកលើសទម្ងន់ចំនួន៥តោន។

អត្ថបទទាក់ទង