ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានដឹកនាំប្រតិភូសាខា និងសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខា ទៅឧបត្ថម្ភជូនដល់គណៈគ្រប់គ្រងសមាគម ក្មួយៗកុមារកំព្រា និងបុគ្គលិកសិក្សា សរុបចំនួន ៨២នាក់ ដែលកំពុងស្នាក់នៅរៀនសូត្រក្នុងសមាគមស្នាមញញ្ញឹមនៃក្តីសង្ឃឹមរបស់កុមារ ស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ មានប្រសាសន៍សំណេះសំណាល ឯកឧត្តម គង់ សោភ័ណ្ឌ បាននាំនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយឡើយ ជាពិសេសសម្តេចតែងតែមានការអាណិត ស្រលាញ់ និងបារម្ភ ព្រមទាំងជួយសម្រួលដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋទូទៅ ដែលមានជីវភាពទីទ័លក្រ ខ្វះខាត ឬអ្នករងគ្រោះដោយសារគ្រោះទុរភិក្ស គ្រោះធម្មជាតិ និងឧបទ្ទហេតុផ្សេងៗ ។ ជាមួយគ្នាផងដែរ ឯកឧត្តមក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់គណៈគ្រប់គ្រងសមាគម និងលោកគ្រូ អ្នកគ្រូ ដែលបានខិតខំអប់រំមើលថែទាំក្មួយៗតូចៗ ជាកុមារកំព្រាទាំងនេះបានយ៉ាងល្អប្រសើរ ដែលនឹងលូតលាស់ធំធាត់ មានចំណេះដឹង ដើម្បីក្លាយជាពលរដ្ឋដ៏ល្អក្នុងពេលអនាគ និងសូមស្នើបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការអប់រំ ចិញ្ចឹមបីបាច់ថែរក្សាដល់ពួកគេជាបន្តទៀត ដោយប្រកាន់ខ្ជាប់វិធានការការពារ ៣កុំ ៣ការពារ ដែលជាយ័ន្តដ៏ស័ក្តិសិទ្ធិ របស់សម្តេចតេជោ ក្នុងការរួចផុតពីជំងឺកូវីដ-១៩ដ៏សាហាវនេះ ជាពិសេសជាងនេះទៀតនោះ សូមលោកគ្រូ អ្នកគ្រូ នាំក្មួយៗ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។ អំណោយបានប្រគល់ជូនសមាគម រួមមាន៖ អង្ករចំនួន ២តោន ,មី ៥០កេស ,ត្រីខកំប៉ុង ២០កេស ,ទឹកត្រី ១០យួរ ,ទឹកស៊ីអ៊ីវ ១០យួរ ,ទឹកសុទ្ធ ចំណុះ២០លីត្រ ចំនួន ៣០ដបធំ ,អាវយឺត ២កេស ,ម៉ាស់ ១កេស ,ជែលលាងដៃ ២០កេស ,សាប៊ូដុំ ២កេស ,ទឹកគោ ២០កេស និងថវិកាចំនួន ៤លានរៀល ។ ក្រៅពីនេះ អនុសាខា កក្រក ស្រុកកណ្តាលស្ទឹង បានឧបត្ថម្ភថវិកាជូនដល់សមគមចំនួន ២លានរៀល ,លោក តាំង សុខឃី និងលោកស្រី ឧបត្ថម្ភថវិកា ចំនួន ៧២ម៉ឺនរៀលផងដែរ ។ នៅចុងបញ្ចប់នៃកម្មវិធីឯកឧត្តមប្រធាន បានឧបត្ថម្ភថវិកាជូនដល់កុមារកំព្រាទាំង ៧២នាក់ ដោយក្នុង១នាក់ៗ បានទទួលចំនួន ៣ម៉ឺនរៀល ,លោកគ្រូអ្នកគ្រូ ១០ នាក់ ក្នុង១នាក់ ៥ម៉ឺនរៀលផងដែរ៕