ខេត្តកណ្ដាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយត្រូវធ្វើជាមន្ត្រីជើងពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់ឡើយ។ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានណែនាំបែបនេះក្នុងឱកាសដែលឯកឧត្តមអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១២០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងដាក់លូកាត់ផ្លូវ ២កន្លែង នៅក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីកងកម្លាំងទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកៀនស្វាយ និងប្រជាពលរដ្ឋជាច្រើននាក់។ ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់ ត្រូវធ្វើជាមន្ត្រីជើងពីរ ដោយត្រូវខិតខំយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយចុះដល់មូលដ្ឋានផ្ទាល់របស់គាត់ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម តម្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរទាំងនេះ អោយបានឆាប់រហ័ស និងទាន់ពេលវេលា ហើយក្នុងករណីដែលមិនអាចដោះស្រាយបាន ត្រូវរាយការណ៍សុំយោបល់ទៅថ្នាក់លើបន្តទៀត។ ពិសេសជាងនេះ កងកម្លាំងមានសមត្ថកិច្ច ត្រូវចុះល្បាតនៅតាមមូលដ្ឋានជាប្រចាំ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលារាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបឱ្យបាននូវល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន និងភាពអសកម្មនៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។ ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ប្រវែង១២០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ នៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នាពេលនេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀត របស់ស្រុកកៀនស្វាយ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម មានសោភ័ណ្ឌភាព ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក "មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ "មានផ្លូវ មានស្ពាន មានក្តីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗ ដូចថ្ងៃនេះ” ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅជាប់ផ្លូវដែលកំពុងសាងសង់ សូមចូលរួមសហការជាមួយអាជ្ញាធរ សម្រួលដល់ការសាងសង់ផ្លូវបេតុងមួយនេះ ឱ្យសម្រេចបានតាមការគ្រោងទុក្ខ។ ទន្ទឹមនឹងនោះក្រុមហ៊ុនដែលទទួលបានការសាងសង់ ត្រូវអនុវត្តតាមកិច្ចសន្យា សាងសង់ប្រកបដោយបច្ចេកទេស ធានាបាននូវការប្រើប្រាស់បានយូរអង្វែងផងដែរ។