+++++++++ខេត្តកណ្តាល៖រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាលបានដឹកនាំក្រុមការងារចុះពិនិត្យ ការសាងសង់ផ្លូវបេតុងសរសៃដែក តាមមុខដេប៉ូខ្សាច់ ក្នុងសង្កាត់ស្វាយរលំ ការចុះពិនិត្យនេះមានការចូលរួមពីលោកអភិបាលរងក្រុងតាខ្មៅ ប្រធានការិយាល័យសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរសង្កាត់ស្វាយរលំ និងម្ចាស់អាជីវកម្មខ្សាច់ ០៦ទីតាំង ស្មើនឹង៥ម្ចាស់ ស្ថិតនៅតាមបណ្តោយផ្លូវ២១A សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្នុងឱកាសនោះដែរ ឯកឧត្តម ហាក់ សុខមករា បានណែនាំដល់ម្ចាស់អាជីវកម្មខ្សាច់ចំនួន៦ទីតាំង ដែលមានទីកន្លែងជាប់ៗគ្នា និងក្រុមហ៊ុនសាងសង់ផ្លូវបេតុង ត្រូវយកចិត្តទុកដាក់សាងសង់ឱ្យទាន់តាមការកំណត់ ពិសេសត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ដោយគិតលើគុណភាព សុវត្ថិភាព និងសោភ័ណភាពផងដែរ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ឯកឧត្តមក៏បាន កោតសរសើរចំពោះការខិតខំប្រឹងប្រែង របស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ នៅអមសង្ខាងផ្លូវ ដែលបានសហការគ្នាល្អធ្វើយ៉ាងណាឲ្យកិច្ចដំណើរការសាងសង់ផ្លូវ១ខ្សែនេះបានរលូនទៅមុខ ដើម្បីយើងទាំងអស់គ្នាទទួលបានសមិទ្ធផលទុកប្រើប្រាស់ទាំងអស់គ្នា។ សូមបញ្ជាក់ថា៖ម្ចាស់ដេប៉ូនិមួយៗបានធ្វើកិច្ចសន្យាសាងសង់ផ្លូវបេតុង កម្រាស់ ០.២ម៉ែត្រ ទទឹង៩ម៉ែត្រ បណ្តោយ ៣៥២ម៉ែត្រ មកដល់ពេលនេះម្ចាស់ដេប៉ូខ្សាច់បានអនុវត្តការសាងសង់មួយចំហៀងផ្លូវដោយបានប្រវែង ២៨០ម៉ែត្រ នឹងបន្តសាងសង់អោយហើយរួចមួយចំហៀងស្មើនឹងប្រវែង៣៥២ម៉ែត្រនៅយប់នេះ ហើយម្ចាស់ដេប៉ូខ្សាច់សន្យា នឹងសាងសង់បង្ហើយបន្ទាប់ពីបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌរួច។ផ្លូវបេតុងមួយខ្សែនេះបានមកពីអាជ្ញាធរខេត្ត ក្រុង សង្កាត់ គៀងគរម្ចាស់ដេប៉ូខ្សាច់តាមបណ្តោយផ្លូវលេខ២១A នៅក្រុងតាខ្មៅ៕