រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អភិបាលខេត្តកណ្តាល បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិកជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត មន្ត្រីរាជការទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាជាង ៤០០នាក់ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។ឯកឧត្តម បានថ្លែងនូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញអស់សមត្ថភាព ជំនាញនីមួយៗ ដើម្បីបំពេញការងារជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ ទោះបីនៅមានបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ក៏ដោយ ក៏យើងនឹងរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងអស់នោះទទួលបានលទ្ធផលល្អប្រសើរថែមទៀត។

នាឱកាសនោះឯកឧត្តមអភិបាលខេត្តក៏បានជំរុញ និងលើកទឹកចិត្ត ដល់មន្ត្រីរាជការទាំងអស់នៅក្នុងសាលាខេត្ត សូមខិតខំបំពេញការងារ និងម្ចាស់ការទទួលខុសត្រូវលើកិច្ចការដែលថ្នាក់ដឹកនាំបានប្រគល់ជូនឱ្យបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ជាពិសេសត្រូវខិតខំធ្វើការអភិវឌ្ឍន៍សមត្ថភាពបំពេញការងាររបស់ខ្លួនម្នាក់ៗ ឱ្យស្របតាមសម័យបច្ចេកវិទ្យា ទាន់សម័យនាពេលបច្ចុប្បន្ន ក្នុងនោះផងដែរ ក៏សូមស្នើឱ្យមន្ត្រីយើងម្នាក់ៗខិតខំព្យាយាមរៀនសូត្រពីរៀមច្បងដែលមានពិសោធន៍ការងារមុនៗ ហើយក៏សំណូមពរដល់ថ្នាក់ដឹកនាំនៅតាមទីចាត់ការ-អង្គភាពនីមួយៗ សូមផ្ដល់ និងចែករំលែកចំណេះដឹង និងបទពិសោធន៍ការងារល្អៗ ពោលគឺ អ្នកចេះបង្រៀនអ្នកមិនចេះហើយអ្នកមិនចេះត្រូវប្រឹងក្រេបជញ្ជក់ចំណេះដឹងពីអ្នកចេះ។គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ រដ្ឋបាលខេត្តកណ្ដាល តែងតែរៀបចំពិធីជួបសំណះសំណាលលើកទឹកចិត្តជូនមន្ត្រីរាជការសាលាខេត្ត ចំនួន២ដងក្នុងមួយឆ្នាំ គឺក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងពីធីបុណ្យភ្ជុំបិណ្ឌ។

អត្ថបទទាក់ទង