រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្ត្រីរាជការបានចូលរួមក្នុងពិធីកាន់បិណ្ឌទី១៤ នៅវត្តព្រះឥន្ទសាមគ្គីធម៌

+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងមន្ត្រីរាជការ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌទី១៤ និងបានធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត សម្តែងព្រះធម៌ទេសនា ប្រគេនទេយ្យវត្ថុរបស់រដ្ឋបាលខេត្តកណ្តាល និងទេយ្យវត្ថុរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ប្រគេនជូន សម្តេច វង្ស អានេតា នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ។

ក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវដល់ពុទ្ធបរស័ទទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ច ចំពោះជំងឺកូវីដ-១៩ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ និង៣ការពារ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌនាឆ្នាំនេះ មិនត្រូវមានការធ្វេសប្រហែសឡើយ។ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានក្រើនរំលឹកឱ្យប្រជាពលរដ្ឋទំាងអស់ សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវ ត្រូវរួមគ្នាគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ក្នុងការធ្វើដំណើរ ដើម្បីសេចក្តីសុខ សុវត្ថិភាពទាំងអស់គ្នា។នាឱកាសនោះដែរ ឧត្តមអភិបាលខេត្តក៏បានឧទ្ទិសកុសលផលបុណ្យ ជូន ឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ និងមន្ត្រីរាជការទាំងអស់ សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។ យោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបានបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកា ទាំង៧សន្តាន ដែលបានចែកឋានដើម្បីឲ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ។

អត្ថបទទាក់ទង