++++++++++អាជ្ញាធរខេត្តកណ្ដាលបានធ្វើការឆ្លើយតបនៅបញ្ហាប្រឈមក៏ដូចជាសំណូមពរមួយចំនួនរបស់ប្រជាពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ដែលបានលើកឡើងក្នុងវេទិកាផ្សព្វផ្សាយ និងគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី៣ កាលពីឆ្នាំ២០២១ កន្លងមក។ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្ដាលលើកទី៤ អាណត្តិទី៣ ឆ្នាំ២០២២ នៅស្រុកកណ្ដាលស្ទឹង ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ អាជ្ញាធរខេត្តកណ្ដាល បានធ្វើការឆ្លើយតបនៅសំណើរ សំណូមពរ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋនៅស្រុកកណ្ដាលស្ទឹងដែលបានលើកឡើងកាលពីវេទិកាក្រុមប្រឹក្សាខេត្តក្នុងឆ្នាំ២០២១ កន្លងមកនេះ ក្នុងនោះរួមមានការស្នើសុំតបបណ្ដាញទឹកស្អាត សូមបញ្ចុះតម្លៃទឹកស្អាត ស្នើសុំស្ដារប្រឡាយ ស្នើសុំជួសជុលផ្លូវក្រហុក ស្នើសុំសាងសង់ផ្លូវបេតុង បញ្ហារថយន្តដឹកដី ខ្សាច់ បើកលឿនៗ និងបណ្ដាលឱ្យខូចផ្លូវមួយចំនួនក្នុងអន្តរឃុំ និងបញ្ហាផ្សេងៗទៀតដោយទទួលបានការសាទរពីប្រជាពលរដ្ឋក្នុងស្រុកកណ្ដាលស្ទឹងផងដែរ។
មានប្រសាសន៍ក្នុងវេទិកានេះដែរឯកឧត្តម នូ សាខន សមាជិកក្រុមប្រឹក្សាខេត្តកណ្ដាល បានលើកឡើងថា ក្រុមប្រឹក្សា គឺជា ដំណាងសាធារណៈ ជាអ្នកការពារ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ហើយត្រូវមាន គណនេយ្យភាព ដោយផ្ទាល់ចំពោះប្រជាពលរដ្ឋទាំងអស់ប្រកបដោយសមធម៌ ក្នុងគោលបំណង ឆ្លើយតបជម្រើស ជាអាទិភាព ព្រមទាំង បង្កើត ជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ និងមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាលអំពីការប្រតិបត្តិ តាមរដ្ឋធម្មនុញ្ញ ច្បាប់ ព្រះរាជក្រឹត្យ និង លិខិតបទដ្ឋានគតិយុត្តិនានា។ ឯកឧត្ដម បន្តថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺបានផ្ដល់ឱកាសជូនប្រជាពលរដ្ឋបាន ប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមករវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ តំណាងអង្គការសង្គមស៊ីវិល វិស័យឯកជន និងក្រុមប្រឹក្សាប្រភេទផ្សេងៗគ្នា ដើម្បីផ្លាស់ប្ដូរ នូវបទពិសោធន៍ និងផ្តល់ប្រឹក្សាអំពីអាទិភាពនៃការអភិវឌ្ឍខេត្តប្រកបដោយចីរភាព និងប្រសិទ្ធភាព ។
ដូច្នេះហើយ រាល់បញ្ហាអាទិភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវបានពិនិត្យ និងដោះស្រាយ និងឆ្លើយតប (បាន ឬ មិនបាន) ប្រកបដោយហេតុផលច្បាស់លាស់។ គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋាន ត្រូវបានរួមបញ្ចូលក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជា ធិបតេយ្យ ទន្ទឹមនឹងនេះ ក្រុមប្រឹក្សាខេត្តនឹងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និង លើកកម្ពស់គណនេយ្យភាពសង្គមតាមបែបប្រជាធិបតេយ្យ ក្នុងការផ្ដល់ព័ត៌មានជូនប្រជាពលរដ្ឋ អំពីសមិទ្ធផលដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានាក្នុងការអនុវត្ត។ ផ្ដល់ឱកាសជូនប្រជាពលរដ្ឋលើកឡើងអំពីបញ្ហាសំណើ សំណូមពរ ដែលជួបប្រទះក្នុង ជីវភាពរស់នៅ និងការអនុវត្តតួនាទី ភារកិច្ចរបស់មូលដ្ឋាន ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតប ។ ក្នុងវេទិការនេះដែរបានលើកឡើងនូវសំណូមពរមួយចំនួនដូចជា៖ ស្នើសុំផ្លូវបេតុង ផ្លូវក្នុងភូមិ ស្នើសុំអគារសិក្សា ស្នើសុំរបងសាលា ស្នើសុំស្ដារអូរធម្មជាតិ ស្នើសុំបញ្ចុះថ្លៃទឹកស្អាត បញ្ហាអគ្គិសនី និងបញ្ហាផ្សេងៗទៀត។ រាល់បញ្ហា និងសំណូមពរ ដែលបានលើកឡើងក្នុងវេទិការ ត្រូវបានគណៈអធិបតី មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ធ្វើការដោះស្រាយបានមួយចំនួន និងមួយចំនួនទៀតត្រូវបានលើកជូនក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។