រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត ជួបប្រជុំជាមួយក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេស ក្នុងការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ នៅថ្ងៃទី ២២-២៣ ខែតុលា ខាងមុខនេះ

+++++++ខេត្តកណ្តាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មការបច្ចេកទេសរៀបចំការប្រណាំងទូក នៅព្រឹកថ្ងៃ៦ ខែតុលា ឆ្នាំ២០២២នេះ ជួបប្រជុំជាមួយក្រុមការងារ នៃអនុគណៈកម្មការបច្ចេកទេស ក្នុងការរៀបចំពិធីប្រណាំងទូក នៅក្រុងតាខ្មៅ ដែលគ្រោងរៀបចំប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី ២២-២៣ ខែតុលា ខាងមុខនេះ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យតាមផែនការគ្រោងទុក។ថ្លែងនៅក្នុងកិច្ចនេះ ឯកឧត្តម ប៊ុន ផេង បានណែនាំដល់ សមាជិកនៃអនុគណៈកម្មការទាំងអស់ត្រូវត្រៀមនូវរាល់ក្លឹមសារសំខាន់ៗ ពាក់ព័ន្ធនឹងបទបញ្ជាផ្ទៃក្នុងនៃការប្រណាំងទូក ដើម្បីផ្សព្វផ្សាយដល់ កីឡាករ-កីឡាការិនីដែលចូលរួមប្រណាំងទូកឱ្យបានយល់ច្បាស់ និងចូលរួមអនុវត្តដោយការទទួលត្រូវខ្ពស់ ត្រូវរៀបចំប្រវត្តិទូកដែលមកចូលរួមទាំងអស់ ជូនទៅគណៈមេប្រយោគថ្នាក់ជាតិ ដើម្បីធ្វើអត្ថាធិប្បាយក្នុងពិធីអុំទូកនេះឱ្យប្រព្រឹត្តទៅប្រកបដោយភាពរលូន ពិសេសត្រូវត្រៀមធ្វើរបាយការណ៍លទ្ធផល ជូនប្រធានគណៈកម្មការ និងអភិបាលខេត្តឱ្យបានទាន់ពេលវេលា ពីចំណាត់ថ្នាក់របស់ទូកនីមួយៗ ដោយបែងចែកចំណាត់ថ្នាក់ ទូកលឿន មធ្យម ទូកគូពិសេស និងទូកខ្នាតអន្តរជាតិ ។ជាងនេះទៅទៀត ឯកឧត្តម បានជំរុញដល់ក្រុមការងារទាំងអស់ត្រូវសហការជាមួយគណៈមេប្រយោគថ្នាក់ជាតិ ដើម្បីសម្របសំរួលបច្ចេកទេស និងត្រួតពិនិត្យឧបករណ៍សម្ភារៈសម្រាប់បម្រើក្នុងពិធីប្រណាំងទូកកុំឱ្យមានការថ្លោះធ្លោយដោយប្រការណាមួយ ត្រូវត្រៀមចាត់តាំងតំណាងកីឡាករ-កីឡាការនី ដែលត្រូវឡើងទទួលអំណោយពីគណៈអធិបតី ដោយត្រៀមលក្ខណៈសម្បត្តិជាមុន គោរពបានវិន័យ សីលធម៌ថ្លៃថ្នូរ ជៀសវាងភាពយឺតយ៉ាវ ឬបាត់សណ្ដាប់ធ្នាប់ជាដើម។ឯកឧត្តមអភិបាលរងខេត្ត ក៏បានក្រើនរំលឹកដល់អនុគណៈកម្មការបច្ចេកទេស ត្រូវបន្តចាត់ចែងរៀបចំប្រជុំបែងចែកការងារលម្អិត ស្របតាមតួនាទីភារកិច្ចដែលមានកំណត់ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ហើយការងារដែលសំខាន់មួយទៀតនោះ គឺត្រូវរៀបចំផែនការចំណាយសម្រាប់អនុគណៈកម្មការដែលត្រូវប្រើប្រាស់ឱ្យបានច្បាស់លាស់ ដើម្បីពន្លឿនលើការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។លោក ចេង សំអ៊ុល ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាល និងជាអនុប្រធានអនុគណៈកម្មការបច្ចេកទេសបានឱ្យដឹងថា គិតមកត្រឹមពេលនេះ មានទូកចូលរួមកើនដល់ ៨៩ទូក ក្នុងនោះមានទូកអុំបុរសចំនួន ៤៤ទូក ទូកចែវបុរសចំនួន ៦ ទូក ទូតខ្នាតអន្តរជាតិផ្នែកបុរសចំនួន ៣៦ទូក ទូតខ្នាតអន្តរជាតិផ្នែកនារីចំនួន ៣ទូក ។

អត្ថបទទាក់ទង