រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីបិទវគ្គបណ្ដុះបណ្ដាលតម្រង់ទិស ស្តីពី «ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់» សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលតម្រង់ទិស​ ការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ សម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នារសៀលថ្ងៃថ្ងៃទី ០៧ ខែ តុលា ឆ្នាំ២០២២នេះ។ មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្តាល ក៏បានលើកឡើង ពីការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលសម្រាប់លោក លោកស្រី ដែលជាសមាជិកក្រុមប្រឹក្សាខេត្ត ឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥។ ឯកឧត្តម បានបន្តទៀតថា៖ ដើមី្បធានាឲ្យគោលនយោបាយ និងយុទ្ធសាស្ត្រទាំងនេះទទួលបានជោគជ័យ អាជ្ញាធររដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចូលរួមទទួលខុសត្រូវ អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល តាមរយៈច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ព្រមទាំងបទបញ្ជា លិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន។ ឯកឧត្តមបានគូសបញ្ជាក់ថា៖ ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបានចាត់ទុកថា មានសារៈសំខាន់ចាំបាច់មិនអាចមើលរំលងបានឡើយ។ ម៉្យាងទៀត តាមរយៈកម្មវិធីជាតិរយៈពេល១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ បានយកចិត្តទុកដាក់ខ្លាំង ក្នុងការអភិវឌ្ឍន៍សមត្ថភាពទាំងក្រុមប្រឹក្សា និងមន្ត្រីរាជការស៊ីវិល ដែលកំពុងបម្រើការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដើមី្បគាំទ្រដល់ការកសាងសមត្ថភាព ក្នុងការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ និងណែនាំមួយចំនួន ព្រមទាំងបានផ្តល់នូវបទពិសោធន៍ការងារល្អៗ មួយចំនួនដល់សិក្ខាកាម និងមានសង្ឃឹមថា វគ្គបណ្តុះបណ្តាលនេះ លោក លោកស្រី នឹងទទួលបាននូវចំណេះដឹង ថ្មីៗ ដើមី្បយកទៅប្រើប្រាស់ក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព និងលើកកម្ពស់ការអភិវឌ្ឍ សេដ្ឋកិច្ចសង្គម និងរួមចំណែកក្នុងការសម្រេចគោលដៅ នៃកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការ របស់រាជរដ្ឋាភិបាលកម្ពុជា កាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀតផង។ ជាលទ្ធផលនៃវគ្គបណ្តុះបណ្តាលរយះពេល២ថ្ងៃនេះ បានសង្កេតអោយឃើញនូវសកម្មភាពដូចជាសិក្ខាកាមមានសមត្ថភាពយល់ដឹងពីគោលនយោបាយ និងច្បាប់គួរអោយកត់សំគាល់ និងមានការចូលរួមច្រើន ដែលធ្វើអោយវគ្គនេះប្រព្រឹត្តទៅដោយរលូន៕

អត្ថបទទាក់ទង