++++++ខេត្តកណ្តាល៖ ការប្រារព្ធទិវាមនុស្សចាស់ ១តុលានេះ បានបង្ហាញឱ្យឃើញច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ពិសេសពីគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ដែលមាន សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ជាប្រធានកិត្តិយស និងឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធ ជននិងយុវនីតិសម្បទាជាប្រធាន ចំពោះគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់មនុស្សវ័យចាស់ ដែលជាធនធានដ៏មានសារៈសំខាន់មិនចេះរីងស្ងួត និងជាគ្រឹះនៃបញ្ញាញាណ ជាគតិបណ្ឌិត ជាសម្បត្តិ វប្បធម៌ជាតិ និងជាមរតកសម្រាប់យើងទាំងអស់គ្នា។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ដូច្នេះ នៅក្នុងក្នុងទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ១តុលា ឆ្នាំ២០២២ ដែលបានរៀបចំឡើងនៅសាលាខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពី អភិបាលក្រុង-ស្រុក មន្ទីរជុំវិញខេត្ត និងជនវ័យចាស់ប្រមាណ ៣០០នាក់។បន្ទាប់ពីអាន សារលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ០១ តុលា រួចមក ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា រដ្ឋបាលខេត្តកណ្តាល តែងតែយកចិត្តទុកដាក់ខ្លាំងចំពោះវិស័យសុខុមាល ភាពមនុស្សចាស់ ដោយបានរៀបចំទិវានេះជារៀងរាល់ឆ្នាំតាមបណ្តា ក្រុង ស្រុក ជាពិសេសបានដឹកនាំ គ្រប់ ក្រុង/ស្រុក រៀបចំពិធីសំណេះសំណាលជាមួយនិវត្តជន ជនបាត់បង់សមត្ថភាពការងារជាអតីតមន្តី រាជការស៊ីវិល អតីតយុទ្ធជន និងជនចាស់ជរាគ្មានទីពឹង មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរជារៀងរាល់ឆ្នាំផងដែរ។នាឱនេះដែរឯកឧត្តមបាន អំពាវនាវដល់ មន្ទីរ អង្គភាព សប្បុរសជន អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ សង្កាត់ ជាពិសេសប្រជាពលរដ្ឋក្នុងសហគមន៍ សូមបន្តចូលរួមជួយឧបត្ថម្ភគាំទ្រ និងពង្រឹងសមាគមមនុស្ស ចាស់ក្នុងមូលដ្ឋានរបស់ខ្លួនដែលមានស្រាប់ឱ្យកាន់តែប្រសើរឡើង ដើម្បីរួមចំណែកលើកស្ទួយជីវភាព និង សុខុមាលភាពមនុស្សចាស់ ជាពិសេសជនចាស់ជរាដែលកំពុងជួបការលំបាកខ្លាំង និងគ្មានទីពឹង ជាពិសេស អភិបាលក្រុង-ស្រុក និងលោក លោកស្រី ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ ដែលបានបង្កើត សមាគម មនុស្សចាស់រួចហើយ សូមបន្តយកចិត្តទុកដាក់គាំទ្រ និងពង្រឹងសមាគមមនុស្សចាស់ឱ្យមានដំណើរ ការកាន់តែល្អប្រសើរពី១ឆ្នាំ ទៅ១ឆ្នាំ ។តាមរបាយការណ៍ លោក លី សុខធី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានខេត្ត បច្ចុប្បន្នខេត្តកណ្តាល មានសមាគមមនុស្សចាស់បង្កើតបានជាស្ថាពរមានចំនួន១៣៨សមាគម លើ១២៧ ឃុំ-សង្កាត់ ដែលកំពុងដំណើការទៅតាមស្ថានភាពជាក់ស្តែង នៃឃុំ-សង្កាត់នីមួយៗ មានសមាជិកចូលរួម សរុបចំនួន ៨៦,១៤៩នាក់ និងមានថវិកាតំកល់ចំនួន ៨៤៦,២៣៩,២០០រៀល (ប្រាំបីរយសែសិប ប្រាំមួយលាន ពីររយសាមសិបប្រាំបួនពាន់ ពីររយរៀលគត់)។