++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានស្នើដល់គ្រប់បណ្ដាក្រុង-ស្រុក ត្រូវត្រៀមវិធានការចាំបាច់មួយចំនួនទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ទឹកភ្លៀង ដែលអាចនឹងកើតមាននៅតាមតំបន់ប្រឈមមួយចំនួនក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវប្រកាសឱ្យដឹងមុនអំពីគ្រោះទឹកជំនន់ដែលនឹងកើតមាន ត្រៀមកម្លាំងមធ្យោបាយ សម្ភារ ដើម្បីសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ ការកាត់បន្ថយហានិភ័យឱ្យមានកម្រិតទាបបំផុត ។ឯកឧត្តមអភិបាល បានស្នើឡើងដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែសីហា នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុក ទាំង១១ កងកម្លាំងទាំងបី និងមន្ត្រីពាក់ព័ន្ធនានាជាច្រើនរូប។ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តស្វែងរកមុខសញ្ញាល្បែងខុសច្បាប់បន្តទៀត ពីព្រោះការបង្កាប់ល្បែងស៊ីសងខុសច្បាប់នេះ គឺមិនមែនធ្វើតែមួយពេលខ្លីនោះទេ គឺយើងត្រូវបន្តធ្វើកិច្ចការបង្កាប់លែងស៊ីសងខុសច្បាប់ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាបង្ក្រាបឱ្យអស់នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅមូលដ្ឋាន ។បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់អាជ្ញាធរក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ពិសេសបញ្ហាដីធ្លីជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព ទាន់ពេលវេលា និងទទួលបានលទ្ធផលល្អប្រសើរ កងកម្លាំងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្កើនការខិតខំយយកចិត្តទុកដាក់បន្តទៀត លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និង ពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យបានល្អប្រសើរឡើងជាលំដាប់។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរ ។