ខេត្តកណ្តាល ៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកជំទាវ នួន នារតីប្រធាន គ.ក.ស.ក ខេត្ត និងលោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២ ឆ្នាំ២០២២ តាមប្រព័ន្ធ Zoom meeting ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានស្ដីពីស្ត្រីលើកទី២ ដែលកិច្ចប្រជុំនេះ ធ្វើឡើងដោយផ្ទាល់ផង និងតាមរយៈប្រព័ន្ធវីដេអូផង នៅវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។ កិច្ចប្រជុំកំពូលស្ត្រីអាស៊ានលើកទី២ ធ្វើឡើងក្រោមប្រធានបទ «ការកសាងអនាគតប្រកបដោយចីរភាព បរិយាប័ន្ន និងកាន់តែរឹងមាំ៖បំផុសសហគ្រិនស្ត្រីនៅក្នុងអាស៊ាន» ក្នុងគោលបំណង ផ្ដល់ជាវេទិកាសម្រាប់ការផ្លាស់ប្ដូរមតិ និងការពិភាក្សារវាងមេដឹកនាំស្ត្រីអាស៊ាន និងប្រមុខដឹកនាំនៃ ប្រទេសសមាជិកអាស៊ាន លើបញ្ហាប្រឈម និងកាលានុវត្តភាព ដើម្បីអភិវឌ្ឍសហគ្រិនភាពរបស់ស្ត្រី និងលើកកម្ពស់ការធ្វើបរិវត្តកម្ម ឆ្ពោះទៅរកការស្ដារឡើងវិញដ៏រឹងមាំនៃសហគ្រាសធុនមីក្រូ ធុនតូច និងមធ្យម ជាមួយនឹងការយកចិត្តទុកដាក់ជាអាទិភាពលើការគិតគូរពីភាពធន់ និងចីរភាព ក៏ដូចជា ការពង្រឹងសេដ្ឋកិច្ចរបស់ស្ត្រីនិងការបញ្ជ្រាបយេនឌ័រ ។ គោលដៅទាំងនេះនឹងសម្រេចបានតាមរយៈ ការកំណត់ឱ្យបានច្បាស់ អំពីអភិក្រមនៃការធ្វើបរិវត្តកម្ម និងគ្រប់ជ្រុងជ្រោយ ដែលអ្នកដឹកនាំនិងអ្នក ពាក់ព័ន្ធអាចប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាប្រឈមដ៏ស្មុគ្រស្មាញ និងពហុវិស័យ ដែលរារាំង សហគ្រិនភាព និងភាពជាអ្នកដឹកនាំសេដ្ឋកិច្ចរបស់ស្ត្រី។- ពិនិត្យមើលឧបសគ្គ និងនិន្នាការបច្ចុប្បន្ន ក៏ដូចកាលានុវត្តភាពដែលអាចជះឥទ្ធិពលលើសិទ្ធិស្ត្រីក្នុង ការទទួលបានសហគ្រិនភាព និងប្រព័ន្ធអេកូឡូស៊ីសហគ្រិន ក្នុងបរិបទមានការរីករាលដាលន ជំងឺកូវីដ-១៩ ព្រមទាំងការផ្លាស់ប្ដូរក្នុងមជ្ឈដ្ឋានការងារ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងអាស៊ាន។- កំណត់អំពីកាលានុវត្តភាពដែលនឹងជំរុញការស្តារឡើងវិញ កំណើន និងភាពធន់នៃសហគ្រាសធុន មីក្រូ ធុនតូច និងមធ្យមរបស់ស្ត្រី បង្កើតបរិយាកាសធុរកិច្ចស្មើភាពសម្រាប់ឱ្យស្ត្រីធ្វើការប្រកួតប្រជែង រីកចម្រើន និងដឹកនាំនិងបំផុសសក្តានុពលសហគ្រិនភាពដែលមាននវានវត្តន៍ និងការច្នៃប្រឌិតរបស់ ស្ត្រីនៅក្នុងអាស៊ាន។