រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត សម្រាប់ ៦ខែចុង ឆ្នាំ២០២២ រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង

+++++++++++++++++ខេត្តកណ្ដាល៖ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ខេត្តកណ្ដាល និងខេត្តអានយ៉ាង បានរៀបចំកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើម ឆ្នាំ២០២២ និងទិសដៅអនុវត្តបន្ត សម្រាប់ ៦ខែចុង ឆ្នាំ២០២២ រវាងខេត្តទាំងពីរ (កណ្តាល-អានយ៉ាង) នៅទីក្រុងឡុងសៀន ខេត្តអានយ៉ាង សាធារណរដ្ឋសង្គមនិយមវៀតណាម ក្រោមអធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្ដម ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងថា ក្នុងរយៈពេលជាងពីរឆ្នាំ គិតចាប់ពីកិច្ចប្រជុំបូកសរុបវាយតម្លៃលទ្ធផលសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០១៩ និងទិសដៅអនុវត្តបន្តសម្រាប់៦ខែចុងឆ្នាំ២០១៩ ត្រូវបានផ្អាកកិច្ចប្រជុំដោយផ្ទាល់ ដោយសារវិបត្តិនៃការរាតត្បាតជំងឺកូវីដ -១៩ក្ដី តែខេត្តយើងទាំង២ បានសហការគ្នាយ៉ាងល្អក្នុងកិច្ចការបង្ការ ទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩ និងបទល្មើសនានានៅតាមបន្ទាត់ព្រំដែននៃប្រទេសទាំង២។ ឯកឧត្ដមអភិបាលខេត្តកណ្ដាល បន្តថា កន្លងមកសមត្ថកិច្ចប្រចាំតំបន់ព្រំដែនខេត្តទាំងពីរ ចាត់ចែងអនុវត្តក្នុងក្របខណ្ឌទ្វេភាគី សម្រាប់ខេត្តកណ្តាល និងខេត្តអានយ៉ាង ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ បានលទ្ធផលល្អប្រសើរបន្ថែមទៀត ស្របតាមទិសស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់វិស័យ រឹងមាំយូរអង្វែង"។

កិច្ចប្រជុំនេះដែរខេត្តទាំង២ បាននឯកភាពគ្នា បង្កើនកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាការពារសន្តិសុខ ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយតាមតំបន់ព្រំដែនសំដៅថែរក្សាតំបន់ព្រំដែន ប្រកបដោយសន្តិភាព ស្ថិរភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ។ បន្តសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ក្រុមឧក្រិដ្ឋជនមានអង្គការ ចាត់តាំង អំពើជួញដូរមនុស្ស រត់ពន្ធមនុស្ស ជួញដូរគ្រឿងញៀន ការរត់ពន្ធ និងជួញដូរអាវុធខុសច្បាប់ជាដើម។ បន្តជំរុញ សម្របសម្រួលនិងគ្រប់គ្រងសកម្មភាពធ្វើដំណើរ ការដឹកជញ្ជូនទំនិញ កសិផលរបស់ប្រជាជន និងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែនរវាងខេត្តកណ្តាល និងខេត្តអានយ៉ាង ក្នុងដំណាក់កាលឆ្លងរាលដាលជំងឺកូវីដ-១៩។ បន្តកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ផែនការនិងវិនិយោគ ទេសចរណ៍ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ការងារខណ្ឌសីមា និងបោះបង្គោលព្រំដែន វប្បធម៌ អប់រំ បណ្តុះបណ្តាល សុខាភិបាល ដឹកជញ្ចូន រៀបចំដែនដី និងនគរូបនីយកម្ម ការងាររណសិរ្ស និងអង្គការមហាជន សមាគមនារី ការរុករក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍កងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ការធ្វើទំនាក់ទំនងផ្លាស់ប្តូរគណៈប្រតិភូសួរសុខទុក្ខ និងទស្សនកិច្ចគ្នាទៅវិញទៅមករវាងខេត្តទាំងពីរផងដែរ។

អត្ថបទទាក់ទង