+++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាដើម្បីទាំងអស់គ្នា ប្រចាំឆ្នាំ២០២២ ក្រោម ប្រធានបទ "ប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡា ឱ្យបានមួយប្រភេទយ៉ាងតិច" នៅកីឡដ្ឋានក្រុងតាខ្មៅ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានបញ្ជាក់ថា តាមរយៈ ការប្រកួតកីឡានេះគឺពិជាមាសារៈសំខាន់ណាស់ ពីព្រោះបានជំរុញ និងបំផុសឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចេះស្រឡាញ់កីឡា និងចូលរួមលេងកីឡាដើម្បីសុខភាព សំដៅចូលរួមចំណែកអភិវឌ្ឍន៏កីឡាឱ្យមានការរីកចម្រើនកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ស្របតាមយុទ្ធសាស្រ្ត ចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ទ្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន សូមចូលរួមលេងកីឡា និងហាត់ប្រាណ ដើម្បីសុខភាពទាំងអស់គ្នា ពីព្រោះកីឡា និងការហាត់ប្រាណបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់យើងទាំងអស់គ្នា បានទាំងសុខភាពសរីរាង្គកាយ បញ្ញាស្មារតី ភាពសប្បាយរីករាយ សុខភាពផ្លូវចិត្តល្អប្រសើរ ពង្រឹងសាមគ្គីភាព មិត្តភាព និងទំនាក់ទំនងសង្គម ព្រមទាំងបានកាត់បន្ថយការចំណាយលើសេវាសុខភាពទៀតផង។ឯកឧត្តមបានបញ្ជាក់បន្ថែមថា កីឡាដើម្បីទាំងអស់គ្នា គឺជាសិទ្ធិមូលដ្ឋានរបស់មនុស្សគ្រប់រូបក្នុងការហាត់ប្រាណ និងលេង កីឡាគ្រប់ប្រភេទ ដោយមិនប្រកាន់អាយុ ពូជសាសន៍ និងសាសនាឡើយ កីឡាដើម្បីទាំងអស់គ្នា បានផ្តល់ឱកាសឱ្យបុគ្គលគ្រប់រូបចូលរួមហាត់ប្រាណ និងលេងកីឡា ពេញមួយជីវិត កីឡាដើម្បីទាំងអស់គ្នា បានផ្តល់នូវការអប់រំ ការអនុវត្តជំនាញ ការអភិវឌ្ឍបុគ្គលិកលក្ខណៈ ផ្ទាល់ខ្លួន របៀបធ្វើការងារជាក្រុម និងផ្តល់ផលប្រយោជន៍ដល់សហគមន៍ ឱ្យមានការរីកចម្រើន និងជាចលនាជំរុញដល់ការអភិវឌ្ឍកីឡាជាតិ។លោក ម៉ម ប៉ូលី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានសូមជម្រាបថា ការប្រកួតខាងលើនេះគឺមានរយៈពេល ៦ ថ្ងៃគឺចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ក្នុងការប្រកួតនេះ មានកីឡាករ កីឡាការិនីចូលរួមក្នុងការប្រកួតចំនួន ៣៣ក្រុម នារី ១០ក្រុម ដោយបែងចែកជាបីផ្នែកគឺ៖ ផ្នែកទី១ កីឡាបាល់ទាត់ មានចំនួន ១៩ក្រុម បុរសមាន ១៥ក្រុម នារីមាន ៤ក្រុម ផ្នែកទី២ កីឡាបាល់ទះមានចំនួន ៧ក្រុម ក្នុងនោះមានបុរស ១០ក្រុម នារី ៣ក្រុម និងផ្នែកទី៣ កីឡាបាល់បោះមានចំនួន ៧ក្រុម ក្នុងនោះមានបុរស ៤ក្រុម និងនារី ៣ក្រុម សរុបកីឡាករ កីឡាការិនីចូលរួមចំនួន ៥៤៨នាក់ ស្រី ១៧៦នាក់។លោកបានឱ្យដឹងដែរថា លទ្ធផលនៃការប្រកួតនេះ ផ្នែកបាល់បោះសម្រាប់ផ្នែកបុរស លេខ១បានទៅលើ ក្រុមកីឡាមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លេខ២ បានទៅលើក្រុមវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម Specail Fox សម្រាប់ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម តាខ្មៅវារៀស ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម វិទ្យាល័យ ហ៊ុន សែន សេរីភាព និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម អិច ហ្វេប។ផ្នែកបាល់ទះសម្រាប់ផ្នែកនារី លេខ១បានទៅលើ ក្រុមរួមចិត្តតែមួយ លេខ២ បានទៅលើក្រុមយុវនារីស្រុកកណ្ដាលស្ទឹង ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម គោកត្រប់ សម្រាប់ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម បក្សីឆ្លងដែន ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម ២៤៦ នាគ ១៨ ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម វិទ្យាល័យ ហ៊ុន សែន សេរីភាព និងចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម យុវជនស្រុកកណ្ដាលស្ទឹង។ផ្នែកបាល់ទាត់សម្រាប់ផ្នែកនារី លេខ១បានទៅលើ ក្រុម ស្អាងយើងស្អាតA លេខ២ បានទៅលើក្រុមស្អាងយើងស្អាតB ចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុម យុវនារីព្រាប ស លេខ៤ បានទៅលើក្រុម យុវនារីស្រុកកណ្ដាលស្ទឹង សម្រាប់ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម TN កណ្តាល ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម វ័យចាស់មូស្លីមព្រែកតាពៅ១ ចំណាត់ថ្នាក់លេខ៣ស្ទួន បានទៅលើក្រុម យុវជនវិទ្យាល័យជ័យវរ្ម័នទី៧ និងក្រុមក្លឹបបាល់ទាត់ព្រះនរាយណ៍។