រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

កិច្ចប្រជុំត្រួតពិនិត្យ និងចាត់អតិភាពគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៣-២០២៥

ខេត្តកណ្ដាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងចាត់អតិភាពគម្រោង នៃកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ឆ្នាំ២០២៣-២០២៥ នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២២នេះ ឯកឧត្តម នុត ពុធដារា អភិបាលរងខេត្តកណ្ដាល បានបញ្ជាក់ថាគោលបំណងសំខាន់ក្នុងដំណើរការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៣-២០២៥ គឺដើម្បីណែនាំដល់មន្ទីរជំនាញក្រុង-ស្រុក និងអង្គភាពពាក់ព័ន្ធនានា ពិនិត្យពិចារណាលើ គម្រោងដែលជាតម្រូវការគម្រោងជាអាទិភាពដើម្បីបញ្ចូល ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ស្របតាមស្ថានភាពជាក់ស្ដែងរបស់មូលដ្ឋាន ឱ្យបានទាន់ពេលវេលាតាមការកំណត់។ឯកឧត្តម បានបញ្ជាក់បន្ថែមថា សំណើគម្រោងទាំងឡាយណាដែលមន្ទីររដ្ឋបាលក្រុងស្រុកនិងអង្គភាពពាក់ព័ន្ធលើកឡើងត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យស្របទៅតាមលក្ខន្តិកៈវិនិច្ឆ័យដែលបានកំណត់ក្នុងសៀវភៅណែនាំបច្ចេកទេស ដោយផ្អែកលើលក្ខខណ្ឌវិនិច្ឆ័យដូចជា៖ ១)ស្របនឹងក្របខ័ណ្ឌអភិវឌ្ឍន៍មានន័យថា គម្រោង ឬសេវាទាំងនោះត្រូវឆ្លើយតប ទៅនឹងគោលបំណង គោលដៅ និងដំណោះស្រាយក្នុ្ងងក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ដ ។ ២)ស្ថិត​ក្នុងដែនសមត្ថកិច្ចខេត្ត គម្រោង ឬសេវាទាំងនោះត្រូវស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ រដ្ឋបាល ។ ៣)ស្ថិតក្នុងអន្តររដ្ឋបាលដែនដី គម្រោង ឬសេវាដែលមានលក្ខណៈអន្ដរក្រុង-ស្រុក ។ ៤)កំណត់អតិបរមាលើ​ចំនួនគម្រោង គឺ ត្រូវកំណត់យកគម្រោងតាមចំនួន ដែលបាន​កំណត់ ករណីដែលមានការស្នើឡើងច្រើន។ឯកឧត្តមបានជំរុញ ដល់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវកំណត់បញ្ហាស្នូល ហើយត្រូវដំណោះស្រាយឱ្យបានច្បាស់លាស់ ត្រូវចាត់អតិភាពគម្រោងដើម្បីអនុវត្តស្របតាមតម្រូវការជាក់ស្ដែងរបស់មូលដ្ឋានខ្លួន ត្រូវខិតខំឱ្យអស់ពីលទ្ធភាពក្នុងការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការអភិវឌ្ឍន៍នានា ឱ្យបានទាន់ពេលវេលា សំដៅធ្វើយ៉ាងណាឱ្យដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ទទួលបានជោគជ័យ។ លោក ម៉ីន ឈុន ប្រធានមន្ត្រីផែនការខេត្តកណ្ដាល បានមានប្រសាសន៍ថា តម្រូវការគម្រោងអាទិភាពទូទាំងខេត្តសម្រាប់ឆ្នាំ ២០២៣-២០២៥ មានសរុបចំនួន ២៧២៧ គម្រោង ដោយក្នុងនោះផ្នែកសេដ្ឋកិច្ច មានចំនួន ៨៣១ គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ៩៩៨ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ៤០០ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន ៤៩៨ គម្រោង។លោកបានបន្តថា គម្រោងអាទិភាពកម្មវិធីវិនិយោគ ៣ ឆ្នាំរំកិលខេត្តសរុបមានចំនួន ៨៤ គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ច មានចំនួន ៤៦ គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ២១ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ១១ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន ៦ គម្រោង។លោកបានបន្តទៀតថា ដោយឡែកសម្រាប់តម្រូវការគម្រោង អាទិភាពក្រុង-ស្រុកដែលសុំបញ្ចូលក្នុងកម្មវិធីវិនិយោគខេត្ត សរុបមានចំនួន ៨៩ គម្រោង ក្នុងនោះផ្នែកសេដ្ឋកិច្ច មានចំនួន ៥២ គម្រោង ផ្នែកសង្គមកិច្ចមានចំនួន ២៣ គម្រោង ផ្នែកប្រើប្រាស់ដីធ្លី និងគ្រប់គ្រងធនធានធម្មជាតិមានចំនួន ៨ គម្រោង ផ្នែករដ្ឋបាល និងសន្តិសុខមានចំនួន ៦ គម្រោង។

អត្ថបទទាក់ទង