ខេត្តកណ្តាល៖ល្ងាចថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម នូវ ប៉េងច័ន្ទតារា អភិបាលរងខេត្តកណ្តាល និងឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល បានអមដំណើរ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទ ក្រហមកម្ពុជា ព្រមទាំងសហការី ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពកុមាររងគ្រោះក្នុងឧប្បទ្ទវហេតុ លិចទូកដរទទឹងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី ១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ សពកុមាររងគ្រោះទាំង ១០នាក់ ដែលបានរកឃេីញ បានធ្វេីបុណ្យ និងបូជានៅក្នុងវត្តកំពង់ភ្នំក្នុង ស្ថិតក្នុងស្រុកលេីកដែក ខេត្តកណ្តាល។ ដោយឡែក សពកុមារម្នាក់ទៀតដែលបាត់ខ្លួនចុងក្រោយ កំពុងបន្តរុករកដោយកម្លាំងចម្រុះនៅឡេីយ។ ស្ថិតក្នុងវេលាដ៏សោកសង្រេងនេះ លោកជំទាវ អគ្គលេខាធិការ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តាំផ្ញេីចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយយ៉ាងក្រៃលែងបំផុត ប្រកបដោយសេចកី្តសង្វេគអាណិតអាសូរជាពន់ពេក ជាមួយក្រុមគ្រួសារសព និងសាច់ញាតិទាំងអស់ ដែលបានបាត់បង់កូនៗ ក្មួយៗ និងចៅៗជាទីស្រឡាញ់នៅក្នុងហេតុការណ៍ដ៏សោកសៅនេះ និងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ កាកបាទក្រហមកម្ពុជា បាននាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យសម្រាប់ចូលបុណ្យសពទាំង១១ (រួមទាំងសព ១ ដែលកំពុងស្វែងរក) ដោយក្នុងគ្រួសារនីមួយៗរួមមាន ៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ត្រីខ ៥០កំប៉ុង, ទឹកក្រូច ៥កេស និងថវិកា ៥លានរៀល។ បន្ទាប់ពីបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពខាងលេីរួចមក លោកជំទាវអគ្គលេខាធិការ និងក្រុមការងារ បានអញ្ជេីញចុះសួរសុខទុក្ខ និងនាំយកផ្លែឈេីជូនដល់កងកម្លាំងចម្រុះទាំងអស់ដែលកំពុងបំពេញប្រតិបត្តិការស្វែងរកកុមារដែលបាត់ខ្លួន៕