ខេត្តកណ្តាល ៖ នាព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងសហការី បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីប្ដូរព័ត៌មានថ្ងៃខែឆ្នាំកំណើតក្នុងបញ្ជីឈ្មោះបោះឆ្នោត ដោយប្ដូរពីថ្ងៃទី០៤ ខែមេសា ឆ្នាំ ១៩៥១ ទៅថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៥២វិញ នៅការិយាល័យបោះឆ្នោតលេខ ១៦៩៧ ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សូមបញ្ជាក់ថា៖ ការប្តូរព័ត៌មានផ្សេងៗនៅលើបញ្ជីឈ្មោះបោះឆ្នោតឱ្យត្រូវទៅតាមអត្តសញ្ញាណប័ណ្ណ គឺមានសារៈសំខាន់ណាស់ ដើម្បីទទួលបានសិទ្ធិបោះឆ្នោត។ ការប្តូរព័ត៌មាននេះ អាចធ្វើទៅបាននៅពេលដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដំណើរការពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោត ដែលធ្វើឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចាប់ផ្តើមពិនិត្យបញ្ជីឈ្មោះ និងចុះបញ្ជីឈ្មោះបោះឆ្នោតចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ដែលមានរយៈពេល ៥០ថ្ងៃ។ អាស្រ័យហេតុ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា អញ្ជើញទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិ៕