ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល បានដឹកនាំ មន្ទីរជំនាញ អាជ្ញាធរក្រុងតាខ្មៅ មន្ត្រីពាក់ព័ន្ធ និងក្រុមការងារ ចុះមកពិនិត្យ ដើម្បីពន្លឿនដល់ការស្ថាបនាផ្លូវជាតិលេខ២ ឡើងវិញដែលមានប្រវែង ២៥៥០ម៉ែត្រ គិតចាប់ពីរង្វង់មូលតាខ្មៅ ដល់គល់ស្ពានព្រែកហូរ ។ក្នុងឱកាសនៃការចុះពិនិត្យនេះ ឯកឧត្តម បានណែនាំដល់ក្រុមហ៊ុន HAN SHIN កូរ៉េ ដែលទទួលបានសិទ្ធិក្នុងការសាងសង់ ត្រូវខិតខំសាងសង់ កំណត់ផ្លូវជាតិលេខ២នេះ អោយបានលឿន ត្រូវរកដំណោះស្រាយ និងនីតិវីធីនៃការសាងសង់ផ្លូវឱ្យមានគុណភាពរឹងមាំ ប្រើប្រាស់ជាប់បានយូរអង្វែង សំដៅជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួល សុវត្ថិភាព និងមានសោភ័ណ្ឌភាព។ជាងនេះទៀត ឯកឧត្តមបាន ជំរុញឱ្យក្រុមហ៊ុន ត្រូវតែរាយការណ៍អំពីបញ្ហាប្រឈម និងសហការជាមួយអាជ្ញាធរឱ្យបានជាប់ជាប្រចាំ ដើម្បីរួមគ្នាដោះស្រាយបញ្ហានានាដែលកើតមានឡើងក្នុងកំឡុងពេលនៃការសាងសង់ ធ្វើយ៉ាងណាឱ្យដំណើរការសាងសង់ទទួលបានភាពជោគជ័យ និងឆាប់រហ័សតាមការគ្រោងទុក។បន្ទាប់មកទៀត ឯកឧត្តមអភិបាលរងខេត្ត ព្រមទាំងមន្ទីរជំនាញ់ អាជ្ញាធរក្រុង បានបន្តចុះមកពិនិត្យផ្លូវជាតិលេខ ២១A ដែលត្រូវបានចាក់បេតុង សរសៃដែក កំរាស់ ២តឹក ទទឹង ៩ម៉ែត្រ នៅតាមបណ្តាមុខដេប៉ូខ្សាច់ ដែលដំណើរការសាងសង់ផ្លូវនេះគឺជិតរួចរាល់ជាស្ថាពរហើយ។