+++++++ខេត្តកណ្តាល ៖ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវបន្តស្វែងរកមុខសញ្ញាល្បែងខុសច្បាប់បន្តទៀត ពីព្រោះការបង្កាប់ល្បែងស៊ីសងខុសច្បាប់នេះ គឺមិនមែនធ្វើតែមួយពេលខ្លីនោះទេ គឺយើងត្រូវបន្តធ្វើកិច្ចការបង្កាប់លែងស៊ីសងខុសច្បាប់ឱ្យបានជាប់ជាប្រចាំ ដូចភ្លៀងរលឹម សំដៅធ្វើយ៉ាងណាបង្ក្រាបឱ្យអស់នូវរាល់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅមូលដ្ឋាន ។ឯកឧត្តមបានជំរុញដូច្នេះ នៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំខែតុលា ឆ្នាំ២០២២ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង-ស្រុក និងអង្គភាពចំណុះសាលាខេត្ត។ឯកឧត្តម បានណែនាំដល់ កងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធរណៈ និងស្ថេរភាពនយោបាយទាំងក្នុងភូមិសាស្ត្រខេត្ត ឱ្យកាន់តែល្អ រឹងមាំថែមទៀត ដើម្បីបន្តកិច្ចការអភិវឌ្ឍខេត្ត និងសេចក្តីសុខសប្បាយរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងឱ្យសកម្មភាពថែម ចំពោះការដោះស្រាយបញ្ហា សំណូមពរនានា ដែលប្រជាពលរដ្ឋជួបប្រឈមដូចជា បញ្ហាទំនាស់ដីធ្លី និងបញ្ហផ្សេងៗទៀត។ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា លើការងារផ្តល់សេវាជូនពលរដ្ឋ សូមឱ្យអាជ្ញាធរ ក្រុង-ស្រុកត្រូវតែខិតខំប្រើសេវា ឱ្យកាន់តែលឿនរហ័ស និងមានការជឿទុកចិត្ត លុបបំបាតនូវអំពើអសកម្មនានា កុំធ្វើឱ្យមានការថ្នាំងថ្នាក់ចិត្តពីសំណាក់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរពាក់ព័ន្ធ និងកងកម្លាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ លើការងារពង្រឹងសន្តិសុខ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេសបានបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទទួលបានលទ្ធផលល្អប្រសើរ ។