+++++++++ខេត្តកណ្តាល៖ ដើម្បីចូលរួមអបអរសាទរ ចំពោះទិវាជាប្រវតិ្តសាស្រ្តដែលកម្លាំងមហាសាមគ្គីជាតិខ្មែរទាំងមូល ដណ្តើមបានទាំងស្រុងនូវឯករាជ្យជាតិដ៏ពេញបរិបូរណ៍ពីអាណានិគមនិយមបារាំងនាថ្ងៃទី៩ ខែវិច្ឆិកា ១៩៥៣ ។ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងមន្ត្រីរាជការ សិស្សសនុសិស្សជាច្រើននាក់ បានអញ្ជើញចូលរួមក្នុងពិធីអបអរសាទរទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៩(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២២) នៅសាលាខេត្តកណ្តាល។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានបញ្ជក់ថា ក្រោមព្រះរាជបូជនីកិច្ច និង ព្រះរាជសកម្មភាពដ៍ឧត្តុង្គឧត្តម ក្នុងការទាមទារឯករាជ្យពីអាណានិគមនិយមបារាំង នាឆ្នាំ ១៩៥៣ របស់ព្រះករុណាព្រះបាទ សម្តេច នរោត្តមសីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះបរមរតនគកោដ្ឋ ជាទីគោរពដ៍ខ្ពង់ខ្ពស់ បានធ្វើឲ្យប្រជារាស្រ្តខ្មែរគ្រប់ រូបតែងតែចងចាំ និងចារិកជាប់ជានិច្ចនៅក្នុងជីវិតដ នូវព្រះមហាករុណាទីគុណ ប្រកបដោយព្រហ្មវិហារធម៌ដ៍ជ្រាលជ្រៅរបស់ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនគកោដ្ឋ ដែលព្រះអង្គបានបូជាព្រះកាយពល និង ព្រះរាជបញ្ញាញាណដ៍ឈ្លាសវៃ ដើម្បីបុព្វហេតុឯករាជ្យជាតិបូរណភាពទឹកដីសេចក្តីសុខសាន្ត និង ការអភិវឌ្ឍន៍ជូនជាតិមាតុភូមិ។ ឯកឧត្តមបន្តថា ទន្ទឹមនឹងបុណ្យខួបអនុសាវរីយ៍លើកទី៦៩ នៃទិវាបុណ្យឯករាជ្យជាតិ ថ្ងៃនេះយើងទាំងអស់គ្នាក៍សូមចូលរួមងបអរសាទរខួបលើកទី ៦៩នៃកំណើតកងយោធពលខេមរភូមិន្ទ ដ៍អង់អាចក្លាហានរបស់យើងដែលព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនគកោដ្ឋ បានបង្កើតឡើងហើយដែលកន្លងមកក៍ដូចជាបច្ចុប្បន្ន កំពុងតែបំពេញភារកិច្ចដ៍ឧត្តុងឧត្តម របស់ខ្លួនក្នុងការថែរក្សាការពារសេចក្តីសុខក្សេមក្សាន្តជូនប្រជាពលរដ្ឋ និងការពារបូរណភាពទឹកដីដែលជាមរតកដ៍ពិសិដ្ឋពុំអាច អោយអ្នកណាឈ្លានពានបាន ជាពិសេសការពារប្រាង្គប្រាសាទ ដែលជាសម្បត្តិបេតិកភណ្ឌជាតិអោយបានគង់វង្ស។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះក្រោមការដឹកនាំប្រកបដដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិយើង ត្រូវបានបណ្តាប្រទេសក្នុងតំបន់ និងពិភពលោកទទួលស្គាល់ថា ប្រទេសកម្ពុជាកំពុងតែមានសុខសន្តិភាពបរិបូណ៌ ព្រមទាំងមានការផ្លាស់ប្តូវយ៉ាងល្អប្រសើរគួរអោយកត់សំគាល់ទាំងទិដ្ឋភាពនយោបាយ សន្តិសុខ សេដ្ឋកិច្ច សង្គមកិច្ចពាណិជ្ជកម្ម និងវិនិយោគ។ពិធីបានបញ្ចាប់បន្ទាប់ពីគណអធិបតីព្រលែងសត្វព្រាប និង បង្ហោះប៉ោងៗជានិមិត្តរូប នៃសេចក្តីសុខសប្បាយ សេរីភាព និងការអភិវឌ្ឍ។