នាព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តមគង់សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន។ដោយទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ (Framework Agreement) សម្រាប់គម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។សូមជម្រាបជូនផងដែរថា៖ ល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិតមានប្រវែង១៣៨ គីឡូម៉ែត្រ ប៉ុន្តែមានស្ពានឆ្លងទន្លេមេគង្គដ៏ធំវែងមួយ សរុបទាំងស្ពានទាំងផ្លូវប្រវែងប្រហែល ៥គីឡូម៉ែត្រ ហើយថវិកាដែលចំណាយគ្រោងទុកសរុបចំនួន ១.៦៣៨ពាន់លានដុល្លា គ្រោងនឹងបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ខាងមុខនេះ ដើម្បីតភ្ជាប់ផ្លូវល្បឿនលឿនពីទីក្រុងហូជីមិញប្រទេសវៀតណាមមកដល់ក្រុងបាវិត នឹងផ្លូវល្បឿនលឿនពីភ្នំពេញទៅដល់ក្រុងបាវិត ៕