រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ឯកឧត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ អញ្ជើញចុះពិនិត្យមជ្ឈមណ្ឌល​វិភាគ​សំណល់ជាតិពុលក្នុងបន្លែ​ និង​ផ្លែ​ឈើ​ នៅក្រុងតាខ្មៅ​ ខេត្តកណ្ដាល

+++++++++++ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងក្រុមការងារបានអញ្ជើញអមដំណើរ ឯកឧត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ចុះពិនិត្យមជ្ឈមណ្ឌល​វិភាគ​សំណល់ជាតិពុលក្នុងបន្លែ​ និង​ផ្លែ​ឈើ​ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃ​ទី​២១​ ខែវិច្ឆិកា​ ឆ្នាំ​២០២២។ឯកឧត្ដម​ ឌិត​ ទីណា​ រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ បានមានប្រសាសន៍ថា៖ ដោយសារសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសង្គម បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនលើសពីការរំពឹងទុកក្នុងអត្រា ៧,៥% ក្នុងឆ្នាំ២០១៨ កន្លងមកនេះ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្នុងបរិបទកំណើនសេដ្ឋកិច្ចនេះ បានទាមទារ និងផ្តល់ឱកាសដល់ប្រជាកសិករយើងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់ធ្វើពាណិជ្ជកម្ម និងបំពេញតម្រូវការនៃទីផ្សារ ពោលគឺពី “កសិករ ទៅជា កសិ-ពាណិជ្ជករ”។

ហើយការប្រែប្រួលនេះ ក៏បានប្រែក្លាយសហគមន៍កសិកម្មយើងទៅជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសេដ្ឋកិច្ចសង្គម។ឯកឧត្តមបានបន្តថា៖ ប្រជាជនយើងក៏បានផ្លាស់ប្តូរឥរិយាបថមកបរិភោគចំណីអាហារដែលមានស្តង់ដារប្រកបដោយគុណភាព និងសុវត្ថិភាពខ្ពស់ ជាពិសេសផលិតផលបន្លែ និងផ្លែឈើជាដើម ដែលធ្វើឲ្យសេចក្តីត្រូវការម្ហូបអាហារដែលមានសុវត្ថិភាពមានការកើនឡើងឥតឈប់ឈរផងដែរ។ឯកឧត្តមបន្ថែមថា៖ នៅពេលយើងទាំងអស់គ្នា បរិភោគនូវចំណីអាហារមិនល្អ បរិភោគចំណីអាហារដែលគ្មានអាហាររូបត្ថម្ភ ធ្វើឱ្យប៉ះពាល់នូវសុខភាពរបស់យើងទាំងអស់គ្នា ដូចជាស្គមស្គាំង មិនលូតលាស់ ប្រាជ្ញាស្មារតីមិនល្អ ធ្វើឱ្យយើងមិនអាចកសាងជីវភាពគ្រួសារបានល្អ នៅពេលដែលយើងចាស់ទៅ ប្រឈមនឹងជំងឺផ្សេងៗជាច្រើន ហើយនៅពេលដែលយើងបរិភោគនូវ ចំណីអាហារដែលមានអាហាររូបត្ថម្ភ ធ្វើឱ្យយើងមានសុខភាពល្អ ប្រាជ្ញាស្មារតីពូកែ ធ្វើឱ្យប្រទេសជាតិរបស់យើងមានធនធានល្អជាច្រើនក្នុងការអភិវឌ្ឍប្រទេសផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា៖ មជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែនេះ គឺមានសារៈសំខាន់និងចាំបាច់បំផុតទាំងពេលបច្ចុប្បន្ន ក៏ដូចជាសម្រាប់ពេលអនាគតសំដៅធានាបាននូវគុណភាព សុវត្ថិភាពផលិតផលដែលអាចប្រកួតប្រជែងលើទីផ្សារ ធានាសុខុមាលលភាពសាធារណៈ និងភាតរបរិស្ថាន ហើយគឺពិតជាស្របតាមគោលនយោបាយអភិវឌ្ឍវិស័យកសិកម្មរបស់ក្រសួង ក្នុងការជំរុញផលិតភាព គុណភាព និងសុវត្ថិភាពសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងក្រៅស្រុក៕

អត្ថបទទាក់ទង