រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ទទួលបានអំណោយរបស់ក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា

ខេត្តកណ្តាល៖ រសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា រួមជាមួយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់សិស្សអូទីស្សឹម នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ និងជាប្រធានអង្គការHHC បានអោយដឹងថា សាលាកុមារអូទីស្សឹមនៃអង្គការHHC បានបង្កើតឡើងក្នុងរយៈពេល១០ឆ្នាំ ហើយបានប្រមូលកុមារពិការភាព ខ្សោយសតិបញ្ញា និងអូទីស្សឹម ឱ្យបានចូលរៀនស្របតាមច្បាប់អប់រំជាតិ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី ដោយសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួងសង្គមកិច្ច ដើម្បីរៀបចំសាលាកុមារអូទីស្សឹម បានចំនួន៥ទីតាំង ដោយប្រើប្រាស់ថវិកាឧបត្ថម្ភ សម្តេចប្រធាន កាកបាទក្រហមកម្ពុជា ព្រមទាំងស្ថានទូតប៉ូឡូញ ប្រចាំទីក្រុងបាងកក ស្ថានទូតសាំងហ្គាពួរជាដើម។ លោក បានបន្តថា៖ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា អាណាព្យាបាល និងសប្បុរសជននានា និងដោយសិស្សានុសិស្ស ពិការភាពសតិបញ្ញា និងអូទីស្សឹម មានការកើនឡើង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអប់រំ បានប្រែក្លាយ សាលាអង្គការជំនួយនៃក្ដីសង្ឃឹមសម្រាប់សហគមន៍HHC ឱ្យទៅជាវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ កាលពីថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០២១ ដែលអនុញ្ញាតអោយវិទ្យាល័យមួយនេះមានវិសាលភាពចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់មធ្យមសិក្សា។ មានប្រសាសន៍សំណាល និងសួរសុខទុក្ខ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលោកគ្រូ អ្នកគ្រូ ថ្នាក់ដឹកនាំសាលា ដែលបានយកចិត្តទុកដាក់ ក្នុងការមើលថែ និងជួយបង្រៀនដល់កុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ព្រោះថាកុមារខ្សោយសតិបញ្ញា និងអូទីស្សឹម ពួកគាត់មានលក្ខណៈខុសពីកុមារធម្មតា ដែលមិនងាយក្នុងការគ្រប់គ្រង និងបង្ហាត់បង្រៀនឡើយ ហើយការបង្ហាត់បង្រៀនរបស់ លោកគ្រូ អ្នកគ្រូ គឺធ្វើដោយការពេញចិត្ត និងពោពេញទៅដោយទឹកចិត្តស្រលាញ់ចេញពីបេះដូង។ លោកជំទាវបន្ថែមថា៖ កុមារដែលមានពិការភាព ទាមទារចាំបាច់ឱ្យអ្នកមើលថែ អ្នកបង្រៀនជាដើម មានជំនាញពិសេស និងការអត់ធ្មត់ខ្ពស់។ចំណែកអ្នកមើលថែ និងអ្នកបង្រៀនកុមារអូទីហ្សឹម កុមារខ្សោយសតិបញ្ញាក៏ កាន់តែទាមទារឱ្យមាននូវជំនាញ និង ការអត់ធ្មត់កាន់តែខ្ពស់ថែមទៀត ។ លោកជំទាវ មាន សំអាន បាននាំយកនូវសម្ភារៈ និងថវិកាមួយចំនួនជូនដល់វិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ ដោយក្នុងនោះរួមមាន៖ អង្ករ ៥តោន និងថវិកាចំនួន២លានរៀល និងបានឧបត្ថម្ភដល់លោកគ្រូ អ្នកគ្រូ ចំនួន៥៨រូប ក្នុងម្នាក់ៗទទួលបាន មីមួយកេស ទឹកក្រូចកន្លះកេស ក្រមាមួយ និងថវិកា៤ម៉ឺនរៀល និងក្មួយៗសិស្សានុសិស្សជាង១០០នាក់ក្នុងម្នាក់ៗទទួលបាន ឃីដមួយកញ្ចប់ និងថវិកា២ម៉ឺនរៀល៕

អត្ថបទទាក់ទង