ខេត្តកណ្តាល៖ មន្ទីរផែនការខេត្តកណ្តាលសម្របសម្រួលជាមួយរដ្ឋបាលស្រុកស្អាង បានបើកសិក្ខាសាលាសមារហណកម្មបីឆ្នាំរំកិល (២០២៣- ២០២៥) នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២២ ។ ឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាលបានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលាសមាហរណកម្ម និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់រដ្ឋបាលស្រុកនៅក្នុងពេលនេះគឺជាការរួមចំណែកគាំទ្រឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀតក្នុងដំណើរការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគរបស់ ក្រុមប្រឹក្សាឃុំ-សង្កាត់ ការរៀបចំបែបនេះនាំមកនូវភាពងាយស្រួលក្នុងការបង្ហាញពីអ្វីមួយដែលបម្រុងនឹងអនុវត្តន៍នៅឆ្នាំខាងមុខ។ចំពោះឃុំ ស្រុក ជារៀងរាល់ឆ្នាំ លទ្ធផលនៅក្នុងសិក្ខាសាលាសមាហរណកម្មផែនការនៅថ្នាក់ ស្រុក ចាប់តាំងពីឆ្នាំ ២០០៣ រហូតដល់ឆ្នាំ ២០២២ ចំនួនគម្រោងស្នើឡើង និងគម្រោងទទួលបាន គាំទ្រ ជាបន្តបន្ទាប់។ជាក់ស្ដែងទូទាំងស្រុកស្អាង គម្រោងស្នើឡើងឆ្នាំ ២០២២ មាន ៣៧០គម្រោងដែលចែកចេញជា៧វិស័យ រួមមាន៖វិស័យកសិកម្ម ៣២ វិស័យអាជីវកម្ម ២៩ គម្រោង វិស័យវិស័យអប់រំ ៣៣ គម្រោង វិស័យសុខភាព ១០១ គម្រោង វិស័យភាពងាយរងគ្រោះ ២១ គម្រោង វិស័យបរិស្ថាន ៦៨គម្រោង និងវិស័យរដ្ឋបាលនិង សន្តិសុខ ៨៦ គម្រោង។ ឯកឧត្តមអភិបាលរងខេត្តបានបន្តទៀតថា៖ សិក្ខាសាលានៅពេលនេះ គឺជាចំណុចជួបគ្នានៃវិមជ្ឈការ និងវិសហមជ្ឈការ ក្នុងគោលបំណងផ្តល់ឱកាសឱ្យមានការផ្សារភ្ជាប់ឱ្យកាន់តែរលូនរវាងដំណើរការកសាងផែនការរបស់ឃុំ ស្រុក ជាមួយផែនការរបស់មន្ទីរជំនាញអង្គការមិនមែនរដ្ឋាភិបាលម្ចាស់ជំនួយដៃគូអភិវឌ្ឍន៍នានាព្រមទាំង សប្បុរសជនទាំងអស់។ ឯកឧត្តម បានបញ្ជាក់ថា៖ កម្មវិធីវិនិយោគ៣ឆ្នាំរំកិលនេះ រដ្ឋបាលខេត្តនឹងទទួលបានព័ត៌មានពិតប្រាកដនូវចំនួនគម្រោង និងទឹកប្រាក់ដែលត្រូវអនុវត្តន៍ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឯកឧត្តមមានជំនឿចំពោះលោក លោកស្រីដែលជាតំណាងឱ្យមន្ទីរជំនាញ អង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជននឹងជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលស្រុក ទៅតាមលទ្ធភាពធនធានតាមការគួរ។ ឯកឧត្តមសង្ឃឹមថា៖ សិក្ខាសាលានេះនឹងអាចជួយតម្រង់ទិសឱ្យរាល់សកម្មភារបស់រដ្ឋបាលស្រុក មានដំណើរការស្របទៅតាមគោលនយោបាយអភិវឌ្ឍន៍របស់ជាតិ ម្យ៉ាងទៀតសិក្ខាសាលានេះ អាចជួយឱ្យរដ្ឋបាលស្រុកបានរៀនសូត្របន្ថែមពីគ្នាទៅវិញទៅមក ក្នុងការរៀបចំផែនការវិនិយោគទៅឆ្នាំខាងមុខបន្តទៀត។ ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនោះ លោក ជឺ គឹមហៃ អភិបាលស្រុកស្អាងបានថ្លែងថា៖ គោលបំណងសំខាន់ នៃអង្គសិក្ខាសាលានាពេលនេះគឺ ដើម្បីកៀរគរធនធានពីប្រភពនានា សម្រាប់គាំទ្រគម្រោងវិនិយោគទាំងឡាយដែលបានស្នើរឡើងដោយរដ្ឋបាលស្រុក និងបណ្តាឃុំទាំង១២របស់ស្រុក និងសម្របសម្រួលធ្វើអោយមានសង្គតិភាពរវាង គម្រោងនានានៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយគម្រោងវិនិយោគរបស់ឃុំ និងភាគីពាក់ព័ន្ធនានា។ លោកបន្តថា៖តំរូវការជាអាទិភាពនូវកម្មវិធីវិនិយោគស្រុក និងឃុំគឺជាបន្ទុកដ៏ធំមួយដែលត្រូវខិតខំកៀរគរធនធាន ពីគ្រប់មជ្ឈដ្ឋាន ដើម្បីឱ្យគម្រោងដែលបានស្នើឡើងអាចសម្រេចបានជោគជ័យ។ម្យ៉ាងវិញទៀតចំនួននេះក៏បានបង្ហាញ ពីតំរូវការដ៏ច្រើនលើសលប់ក្នុងកិច្ចអភិវឌ្ឍន៏គ្រប់វិស័យ ទូទាំងស្រុកដែលជាគោលដៅរួមរបស់យើងទាំងអស់គ្នា ។ ដូចនេះទាមទារឱ្យមានការចូលរួមទាំងស្មារតី បច្ចេកទេស និងថវិកា សម្រាប់គាំទ្រដល់គម្រោងអាទិភាពនីមួយៗដែលរដ្ឋបាលស្រុក ក៏ដូចជាឃុំទាំង១២ ។ សូមបញ្ជាក់ថា៖ លទ្ធផលគាំទ្រក្នុងអង្គសិក្ខាសាលាគម្រោងដែលឃុំទាំង១២ បានស្នើឡើងសរុបមានចំនួន ២២៥ លើ៣៧០គម្រោង ក្នុងគម្រោង ៩៤លើ៣៧០ ក្រៅគម្រោង ១៣១ លើ៣៧០គម្រោង៕