ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋ ២គ្រួសារ ដែល១គ្រួសារ រងគ្រោះដោយសារគ្រោះអគ្គិភ័យឆេះផ្ទះសម្បែង ចំនួន ១ខ្នង និង១គ្រួសារទៀតទីទាល់ក្រមានសមាជិកច្រើនក្នុងបន្ទុក បានទទួលជំនួយសង្គ្រោះបន្ទាន់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល នៅព្រឹកទី០៥ ខែធ្នូ ឆ្នាំ២០២២ ។ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់ឲ្យប្រតិភូសាខាដឹកនាំដោយលោក ទៀង សុគន្ធ នាយកសាខា ព្រមទាំងសហការី ចុះសួរសុខទុក្ខ និងនាំយកជំនួយសង្គ្រោះ ទៅឧបត្ថម្ភជូនគ្រួសាររងគ្រោះដោយផ្ទាល់ដល់លំនៅឋាន នៅ ឃុំបន្ទាយដែក និងឃុំគគីរធំ ស្រុកកៀនស្វាយ។មានមតិសំណេះសំណាល លោក ទៀង សុគន្ធ ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ ប្រធានគណៈកម្មាធិការសាខា បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនជនរងគ្រោះ ដោយក្តីនឹករលឹក និងក្តីអាណិតអាសូរពន់ពេក ។លោកនាយកសាខា បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានសម្ដេចតែងបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទៅ ពិសេសជនរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ និងជនងាយរងគ្រោះបំផុត ដោយពុំគិតពីវណ្ណៈ ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ លោកនាយកបានសំណូមពរសូមឲ្យប្រជាពលរដ្ឋមេត្តាបន្តយកចិត្តទុកដាក់ថែទាំសុខភាព អនាម័យសម្រាប់ក្រុមគ្រួសារឲ្យបានល្អ ពិសេសត្រូវចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលបាលបន្តទៀតគឺ៖ 3 ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួន ព្រោះថាជំងឺកូវីដ-១៩ ក្នុងពេលបច្ចុប្បន្ននេះ ពុំទាន់បានផុតរលត់ឆ្ងាយពីយើងនៅឡើយទេ ។ជំនួយសង្គ្រោះដែលសាខាបានឧបត្ថម្ភជូនប្រជាពលរដ្ឋទាំង២គ្រួសារ ក្នុងគ្រួសាររងគ្រោះដោយអគ្គីភ័យឆេះផ្ទះសំបែងមាន ៖ អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១ យួរ ,ទឹកស៊ីអុីវ ១យូ ,ទឹកសុទ្ធ ១កេស ,ទឹកក្រូច ១កេស ,កៅស៊ូតង់ ១ផ្ទាំង ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប , ឃីត១កញ្ចប់ និងថវិកាចំនួន ៦០ម៉ឺនរៀល និងគ្រួសារទីទាល់ក្រមានសមាជិកច្រើនអ្នកទទួលបាន៖អង្ករ ៥០គីឡូក្រាម ,មី ១កេស ,ត្រីខកំប៉ុង ៥យួរ ,ទឹកត្រី ១ យួរ ,ទឹកស៊ីអុីវ ១យូ ,ទឹកសុទ្ធ ១កេស ,ទឹកក្រូច ១កេស ,ម៉ាស ១ប្រអប់ ,ជែលលាងដៃ ១ដប និងថវិកាចំនួន១លានរៀល ក្នុងនោះដែរអនុសាខាស្រុកកៀនស្វាយក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្ររួមមាន៖ អង្គរ ៥០kg មី២កេស ទឹកស៊ីអុីវ២យួរ ទឹកត្រី២យួរ គោជល់១កេស ទឹកសុទ្ធ២កេស និងថវិកា៣០ម៉ឺនរៀលផងដែរ៕