រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ត្រួតពិនិត្យការងារជួសជុលផ្លូវលេខ ២០៦ ដោយធ្វើ គ្រឹះឡើងវិញ និងអ៊ុតកៅស៊ូ ប៊ីទីមីណឺ(AC)

ខេត្តកណ្ដាល៖ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល រួមជាមួយអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការ ចុះត្រួតពិនិត្យការងារជួសជុលផ្លូវលេខ ២០៦ ដោយធ្វើ គ្រឹះឡើងវិញ និងអ៊ុតកៅស៊ូ ប៊ីទីមីណឺ(AC) នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅសង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល។ មានប្រសាសន៍នាឱកាសចុះពិនិត្យនេះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា ការជួសជុលផ្លូវលេខ ២០៦ ដោយធ្វើគ្រឹះឡើងវិញ និងអ៊ុតកៅស៊ូប៊ីទីមីញ៉ូ (AC) មានកម្រាស់ ១តឹក បែកចេញជាពីរស្រទាប់ ដោយស្រទាប់ទី១ កម្រាស់៥សង់ទីម៉ែត្រ និងស្រទាប់ទី ២ មានកម្រាស់ ៥សង់ទីម៉ែត្រ មានប្រវែងសាងសង់សរុប ៨៤០ម៉ែត្រ ទទឹងជាមធ្យម១០ម៉ែត្រ ដោយចំណុចចាប់ផ្ដើមពីស្ពានថ្ម រហូតដល់ រង្វង់មូលព្រះនរាយណ៍។ ឯកឧត្ដមអភិបាលខេត្ត បន្តថា ផ្លូវនេះ កាលពីមុនមកជាផ្លូវប្រភេទម៉ាកាដាំ(ផ្លូវកៅស៊ូធ្វើគ្រឹះស្អាតហើយគេយកថ្ម(៤x៦) ក្រាលពី លើដីគ្រឹះ រួចយកដីដំបូកចាក់ក្រាលពីលើឲ្យចូលក្រហែងថ្មឲ្យចេញតែក្បាល រួចគេស្រោចកៅស៊ូ ហើយចាក់ថ្ម(២x៣)រួចកិនថ្មឲ្យជាប់នឹងកៅស៊ូ ហើយចាក់កៅស៊ូលើថ្ម(២x៣)មួយសារទៀត រួចហើយ ចាក់ថ្ម(១x២)ពីលើមួយជាន់ទៀត ហើយស្រោចកៅស៊ូពីលើ ហើយក្រាលថ្មល្អិត(១x១)ពីលើ រួចកិនពីលើតែម្តង) បន្ទាប់មកប្រែក្លាយជាប្រភេទកៅស៊ូពីជាន់ DBST និងមកដល់សព្វថ្ងៃ ជាប្រភេទ AC ផ្លូវនេះមានអាយុកាល ជាង ២០ ឆ្នាំហើយ (ពីឆ្នាំ២០០០) ដោយរងការខូចខាតជាច្រើន មានស្នាមប្រេះ មានសំបុកមាន់ និងផតស្រុតដោយកន្លែង ទៀតផង។ ដោយឃើញមានបញ្ហាទាំងអស់នេះ ក្រុមមន្ត្រីជំនាញបានធ្វើការសិក្សាជួសជុលស្តារឡើងវិញ នូវកំណាត់ផ្លូវមួយខ្សែនេះ ដោយធ្វើការ កាយយកគ្រឹះចាស់ដែលគ្មានគុណភាពចេញ កៀកិនបង្ហាប់ ចាក់ថ្ម និងខ្សាច់ សំរាប់ស្រទាប់គ្រឹះរង។ សំរាប់គ្រឹះសំខាន់ យើងប្រើប្រាស់បច្ចេកទេស Stabilized ដោយប្រើប្រាស់ស៊ីម៉ង់ លាយជាមួយថ្មមិច M30។ ឯកឧត្ដម អភិបាលខេត្ត បន្ថែមថា ការជួសជុលផ្លូវលេខ ២០៦ គឺបានបង្ហាញ អំពីការអនុវត្តដោយយកចិត្តទុកដាក់នូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិកាលទី៦ នៃរដ្ឋសភាជាតិ ដែលមាន សម្ដេចតេជោនាយករដ្ឋមន្ត្រី ជាមគ្គុទេសដ៏ឆ្នើម បន្តចាត់ទុកវិស័យទាំងបួន មនុស្ស ផ្លូវ ទឹក ភ្លើង ជាអាទិភាពដោយតម្កល់មនុស្សជាអាទិភាពនៅលើគេ ។ នយោបាយនេះ នៅតែជាអាទិភាព និងស្ថិតនៅលើផ្លូវត្រូវទាំងក្នុងអតីតកាល បច្ចុប្បន្នកាល ក៏ដូចជាអនាគតកាល សម្រាប់ការកសាងប្រទេស កម្ពុជា ឆ្ពោះទៅរកការរីកចម្រើន។

អត្ថបទទាក់ទង