រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាផ្សព្វផ្សាយជាមួយប្រជាពលរដ្ឋស្តីពីការ “លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ”

+++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ មន្ទីរកិច្ចការនារីខេត្តកណ្ដាល បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពីការ "លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ" ដោយមានការអញ្ជើញចូលរួមពី លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល និងលោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ នៅសាលាស្រុកកៀនស្វាយ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។ មានប្រសាសន៍ក្នុងវេទិកាផ្សព្វផ្សាយនេះដែរ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានលើកឡើងថា វេទិកាផ្សព្វផ្សាយស្តីពីការ "លើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ" នៅពេលនេះ គឺក្នុងគោលបំណងសំដៅបំផុសស្មារតី ឱ្យប្រជាពលរដ្ឋ សិស្សានុសិស្សចេះអប់រំខ្លួនឯង យល់ដឹងកាន់តែច្បាស់ពីតម្លៃពិត នៃទំនៀមទំលាប់ វប្បធម៌ ប្រពៃណី សីលធម៌ សុជីវធម៌ ដ៏ល្អ ផូរផង់របស់ខ្មែរយើង ហើយក៏មិនចង់ឃើញប្អូនៗយុវវ័យមួយចំនួន ប្រព្រឹត្តសកម្មភាពពុំគប្បី ប្រាស់ចាកពីសីលធម៌ ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់ដ៏ល្អផូរផង់របស់ខ្មែរយើង។

ហើយវេទិកាផ្សព្វផ្សាយនៅពេលនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវវ័យ គួរពិចារណានូវអ្វីដែលគួរតែធ្វើសម្រាប់ខ្លួនឯង ក្រុមគ្រួសារ តាមរយៈការផ្ដល់តម្លៃឱ្យគ្នាទៅវិញ ទៅមក ក្នុងអត្ថន័យចែករំលែកក្តីស្រឡាញ់ ប្រកបដោយកតញ្ញូធម៌ ដឹងគុណ សេចក្តីថ្លៃថ្នូរ និង ទំនួលខុសត្រូវខ្ពស់ និងគួរប្រកាន់ខ្ជាប់នូវសីលធម៌ ប្រពៃណី និងទំនៀបទំលាប់ខ្មែរឱ្យបានខ្ជាប់ ស័ក្តសមជាកុលបុត្រកុលធីតាខ្មែរជាទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏រឹងមាំ សម្រាប់អភិវឌ្ឍន៍ជាតិ។ លោកស្រីប្រធានមន្ទីរ បាទឱ្យដឹងទៀតផងដែរថា វេទិកាអប់រំផ្សព្វផ្សាយនេះដែរ ក៏បានបង្រៀនប្រជាពលរដ្ឋឱ្យយល់ដឹងអំពីការថែរក្សាសុខភាព ការធ្វើអនាម័យ ការការពារភ្នែក ការបង្ការ និងការពារមេរោគផ្សេងៗ បញ្ហាដែលបង្ករឱ្យមានអំពើហិង្សាក្នុងគ្រួសារ។ លោកស្រីប្រធានមន្ទីរ បានស្នើដល់ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ជាពិសេសមាតាបិតា និងអាណាព្យាបាល យុវវ័យ សូមចូលរួមផ្សព្វផ្សាយពន្យល់ ណែនាំ និងក្រើនរំលឹកដល់បងប្អូន កូនចៅ ក្នុងគោលដៅថែរក្សា ប្រពៃណី ទំនៀមទំលាប់ដ៏ផូរផង់របស់ខ្មែរ ដើម្បីរក្សាកិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងក្រុមគ្រួសារ ដើម្បីរួមចំណែកលើកស្ទួយកិត្យានុភាពជាតិស្របទៅតាមភាពរីកចម្រើននាពេលបច្ចុប្បន្ន។

លោកស្រី ហង្ស ចន្ថា អភិបាលរងស្រុកកៀនស្វាយ បានលើកឡើងថា អំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងនៅស្រុកកៀនស្វាយ ភាគច្រើនគឺបណ្ដាលមកពី កត្តាក្រីក្រ ខ្វះការយល់ដឹងអំពីច្បាប់ ខ្វះការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាទៅវិញទៅមក ការប្រើប្រាស់គ្រឿងញៀន និងគ្រឿងស្រវឹងជាដើម ដែលកត្តានេះហើយបានធ្វើឱ្យមានអំពើហិង្សាកើតឡើងនៅក្នុងគ្រួសារ។ បន្ទាប់ពីវេទិកាផ្សព្វផ្សាយនេះហើយ លោកស្រីអភិបាលរងស្រុក សង្ឃឹមថាបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកកៀនស្វាយ សូមធ្វើការផ្សព្វផ្សាយជូនដល់សមាជិកគ្រួសារ និងមានការយោគយល់ និងអធ្យាស្រ័យឱ្យគ្នាឱ្យបានច្រើន ដើម្បីឈានដល់ការលុបបំបាត់នូវអំពើហិង្សាក្នុងគ្រួសារឱ្យបានទូទាំងស្រុកកៀនស្វាយ។

អត្ថបទទាក់ទង