រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកបឋមសិក្សា និងមេត្តយ្យសិក្សាសរុប ចំនួន៤៤ នាក់ ក្នុងខេត្តកណ្តាល

+++++++++ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី៣០ ខែឆ្នូ ឆ្នាំ២០២២ រដ្ឋបាលខេត្តកណ្ដាលបានរៀបចំពិធីសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកបឋមសិក្សា និងមេត្តយ្យសិក្សាសរុប ចំនួន៤៤ នាក់ ក្រោមអធិបតីភាព ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ លោកអភិបាល ក្រុង ស្រុកលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកនាយកបឋមសិក្សា មត្តេយ្យសិក្សា លោកគ្រូ អ្នកគ្រូ និងសមាជិកសមាជិកាប្រមាណ ១០០នាក់ ចួលរួមផងដែរ។

លោក ចេង សំអុល ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកណ្តាល បានឱ្យដឹងថា នេះគឺជាលើកទី២ហើយ ដែល លោកនាយក លោកស្រី នាយិកាបឋមសិក្សា និងមត្តេយ្យសិក្សា នឹងទទួលបាន កុំព្យូទ័រយួរដ ម្នាក់មួយគ្រឿង សរុប ៤៤គ្រឿង។ ដោយឡែកកាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកនាយក លោកស្រីនាយិកា វិទ្យាល័យ អនុវិទ្យាល័យ ចំនួន ៨៥នាក់ បានទទួល កុំព្យូទ័រយួរដៃ ម្នាក់ ០១គ្រឿង ពីឯកឧត្តមអភិបាលខេ រួចមកហើយ ។ ក្រោមការ ឧបត្ថម្ភកុំព្យូទ័រយួរដៃ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអភិបាលខេត្ត ជូនលោក នាយក លោកស្រីនាយិកា សរុប ១២៩គ្រឿង ក្នុងនោះវិទ្យាល័យចំនួន ៤១គ្រឿង អនុវិទ្យាល័យចំនួន ៤៤គ្រឿង បឋមសិក្សាចំនួន ៣៣គ្រឿង មត្តេយ្យសិក្សា ចំនួន ១១គ្រឿង។

លោកបន្តថា គ្រឹះស្ថានសិក្សា ទូទាំងខេត្ត សរុបចំនួន ៧៦២សាលា ដែលមាន មត្តេយ្យសិក្សា២៤៨ (ក្នុងនោះមត្តេយ្យដាច់ ចំនួន ២៨សាលា) បឋមសិក្សា ៣៧៣ អនុវិទ្យាល័យ ១០០ និងវិទ្យាល័យ ៤១ (ក្នុងនោះវិទ្យាល័យអប់រំពិសេស ១សាលា)។ មានអគារសិក្សា សរុប ១៨១០ខ្នង ស្មើនឹង ៨៧២៩បន្ទប់ ក្នុងនោះអគារ របស់សម្តេចតេជោ ចំនួន ៦២៤ខ្នង ស្មើ ៣៤៣៤បន្ទប់ (គិតត្រឹមថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២)។បុគ្គលិកអប់រំទូទាំងខេត្ត ៩១៧៩នាក់ ស្រី ៤ ៦៣៨នាក់ និងគ្រូកិច្ចសន្យា ចំនួន ១៥៨២នាក់ ស្រី ១២៧៥នាក់ សរុបរួម ចំនួន ១០៧៦១នាក់ ស្រី ៥៩១៣នាក់ ។ សិស្សសរុប ២៦៣ ៧២៤នាក់ ស្រី ១៣០ ៣៣២នាក់។ មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ក៏បានសម្តែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការអនុវត្តវិធានការលើកកម្ពស់គុណភាព និងភាពឆ្លើយតបរបស់សេវាអប់រំ ជាពិសេសកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងគ្រប់ប្រភេទ ការលើកកម្ពស់វិជ្ជាជីវៈគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាព និងការលើកទឹក ចិត្តបុគ្គលិក ព្រមទាំងការបង្កើនប្រសិទ្ធភាព និងភាពស័ក្ដិសិទ្ធិ ក្នុងការគ្រប់គ្រងសេវាអប់រំ ដោយបាន យកចិត្តទុកដាក់អនុវត្តតាមផែនការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ របស់ប្រមុខរាជរដ្ឋាភិបាល និងការអនុ វត្តវិធានការ “ ពាកុំ និង ពាការពារ » បានធ្វើឱ្យគ្រប់សាលារៀនក្នុងទូទាំងខេត្តអាចចៀសផុតពីការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសាលារៀនគ្រប់កម្រិតសិក្សា ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថាពិធីសំណេះសំណាល និងផ្តល់កុំព្យូទ័រ (Laptop) ជូននាយកបឋមសិក្សា និងមត្តេយ្យសិក្សា សរុបចំនួន ៤៤ នាក់ នាឱកាសនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកាសន្យា តាមការស្នើសុំ របស់ នាយក នាយិកា សាលារៀនដែលបានចូលរួមក្នុងពីធីបើកសន្និបាតបូកសរុបលទ្ធផល ការងារអប់រំ យុវជន និងកីឡាខេត្តកណ្តាល ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅ ឆ្នាំសិក្សា២០២១-២០២២ នាថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ ២០២២ នៅសាលាតរុកោសល្យ និងវិក្រឹតការខេត្តនាពេលកន្លងទៅ ។ ឯកឧត្ដមបន្តទៀតថា ក្នុងយុគសម័យកាល ឌីជីថល លោក លោកស្រី ត្រូវអភិវឌ្ឍន៍សមត្ថភាព ឲ្យចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មាន ដើម្បីជួយសម្រួលដល់ការងារក្នុងសាលារៀន ឲ្យបានដំណើរការរហ័ស និងទាន់ពេលវេលា ។ ទន្ទឹមនឹង ការទទួលបាននូវកុំព្យូទ័រនេះ លោក លោកស្រីត្រូវមានវិធានការការពារ និងថែទាំសម្ភារៈដែល បានផ្ដល់ជូននេះទុកជាទ្រព្យសម្បត្តិរដ្ឋ និងប្រើប្រាស់ឲ្យបានយូរអង្វែង ។

អត្ថបទទាក់ទង