រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរខេត្តកណ្ដាល បាននាំយកជំនួយសង្គ្រោះឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះដោយជំននើទឹកភ្លៀងនៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋចំនួន ៣២ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលទទួលបានជំនួយសង្គ្រោះពីរដ្ឋបាលខេត្តកណ្ដាល។ នារសៀលថ្ងៃទី១៥ ខែកមរា ឆ្នាំ២០២៣ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បាននាំយកជំនួយសង្គ្រោះឧបត្ថម្ភជូនប្រជាពលរដ្ឋចំនួន ៣២ គ្រួសារដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ជំនួយសង្គ្រោះដែលរដ្ឋបាលខេត្តកណ្ដាលបាននាំយកឧបត្ថម្ភជូនប្រជាពលរដ្ឋទាំង ៣២ គ្រួសារដោយក្នុងមួយគ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម, មី ១ កេស, ត្រីខ ១ យួរ, ទឹកត្រី ១ យួរ, ទឹកស៊ីអ៊ីវ ១ យួរ, និងថវិកា ១០ ម៉ឺនរៀល។ ក្នុងនោះផងដែររដ្ឋបាលខេត្តកណ្ដាលបានឧបត្ថម្ភថវិកាសម្រាប់ទិញថ្នាំព្យាបាលជូនស្ត្រីម្នាក់ដែលរងគ្រោះដោយពស់ចឹក។ សំណេះសំណាលទៅកាន់ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ការផ្ដាំផ្ញើសាកសួរសុខទុក្ខ ដោយក្ដីនឹករលឹក និងអាណិតអាសូរ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្ដេចទាំងទ្វារតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងបានណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះឬស្លាប់បាត់បង់ជីវិតដោយខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធរមូលដ្ឋានឡើយ ពិសេសពាក់ព័ន្ធបញ្ហាគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងនៅពេលនេះផងដែរ។ ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលរងខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមមាត់ស្ទឹង ព្រែក សូមមានការប្រុងប្រយ័ត្នខ្ពស់ជាមួយសត្វអសិរពិសនានា ពិសេសចាស់ជរា កុមារតូចៗ មិនត្រូវឱ្យពួកគាត់នៅក្បែរមួយទឹក ឬលេងទឹកឡើយ ដែលអាចបង្កឱ្យកើតមានគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ។ ទន្ទឹមនឹងនោះផងដែរ ឯកឧត្តមអភិបាលរងខេត្ត បានណែនាំដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវបន្តតាមដានសភាពការទឹកឱ្យបានជាប់ជាប្រចាំ ព្រមទាំងត្រៀមនូវការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានឧបទ្ទវហេតុណាមួយកើតឡើងនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឱ្យដឹងផងដែរថា ក្នុងស្រុកកណ្ដាលស្ទឹងមានឃុំចំនួន ៣ ដែលរងការជនលិចដោយចំនួនទឹកភ្លៀង ក្នុងនោះរួមមានឃុំដើមឬស ឃុំជើងកើប និងឃុំកណ្ដោក មានប្រជាពលរដ្ឋចំនួន ៨០៥ គ្រួសាររងផលប៉ះពាល់ លិចផ្ទះប្រជាពលរដ្ឋចំនួន ៦៨១ ខ្នង ខូចខាតផ្ទះចំនួន ៤ ខ្នង ផ្ទៃដីស្រែដែលជនលិចមានចំនួន ៣៦១,៦ហិតា ។ បន្ទាប់ពីសំណេះសំណាល សាកសួរសុខទុក្ខ និងឧបត្ថម្ភជំនួយសង្គ្រោះរួចមក ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល បានដឹកនាំក្រុមការងារ រួមជាមួយអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះពិនិត្យស្ថានភាពទឹកជំនន់ផ្ទាល់នៅស្ពានកំពង់ទួល ក្នុងស្រុកកណ្ដាលស្ទឹងផងដែរ។

អត្ថបទទាក់ទង