រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គស្នួល បាននាំយកទេយ្យទាន និងអំណោយទៅប្រគេនព្រះសង្ឃចំនួន ០២ វត្ត និងប្រជាពលរដ្ឋ ចំនួន១២ គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ នៅឃុំក្រាំងម្កាក់ និងឃុំលំហាច ស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ លោក ខុន សេរីរដ្ឋា អភិបាលស្រុក និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកអង្គស្នួល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានអញ្ជើញដឹកនាំ កងកម្លាំង និងមន្រ្តីរាជការសាលាស្រុក ក្រុមប្រឹក្សាឃុំ នាំយកទេយ្យទាន និងអំណោយទៅប្រគេនព្រះសង្ឃវត្តខ្ពប (ចាស់) ឃុំក្រាំងម្កាក់ វត្តយសមេត្រី ឃុំលំហាច និងប្រជាពលរដ្ឋ ចំនួន១២ គ្រួសារដែលរងគ្រោះដោយសារទឹកជំនន់ នៅឃុំលំហាច ។ នាឱកាសនោះ លោកប្រធានអនុសាខា ក្នុងនាមឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល បានពាំការផ្ដាំផ្ញើផ្ញើសាកសួរសុខទុក្ខពីសំណាក សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគេនព្រះសង្ឃ និងប្រជាពលរដ្ឋដែលរងគ្រោះ និងសម្តែងការសោកស្តាយ និងរួមសុខទុក្ខជាមួយព្រះសង្ឃ និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចែកជន់លិចស្ទឹងព្រែកត្នោត។ អំណោយចែកជូនរួមមាន៖ ១.ប្រគេនព្រះសង្ឃ២វត្ត អង្ករ ២០០kg មី៤កេស ត្រីខ៤យួរ ម៉ាស់ ៤ដុំ ទឹកត្រី៤យួរ ទឹកស៊ីអ៊ីវ៤យួរ ភេសជ្ជៈ ២កេស ទឹកសុទ្ធ ៤កេស សាប៊ូ ៤០ ដុំ និងបច្ច័យមួយចំនួន ។២.ប្រជាពលរដ្ឋ១២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥kg ត្រីខ១យួរ មី១កេស ម៉ាស់១ដុំ ទឹកត្រី១ដប ទឹកស៊ីអ៊ីវ១ដប សាប៊ូ ៥ដុំ ចាន ឆ្នាំង ស្លាព្រា វែក កំសៀវ ធុងទឹកក្តៅ ធុងទឹកត្រជាក់ អាវ១ និងថវិកាមួយចំនួន ។ គួសបញ្ជាក់ថាៈចាប់តាំងពីខេត្តកំពង់ស្ពឺបានសម្រេចបើកទ្វារទឹកចាប់ពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នាំឱ្យសណ្តរស្ទឹងព្រែកត្នោតជន់លិចយ៉ាងគំហុក និងបានហូរចាក់តាមដងព្រែក អូរ ប្រឡាយ ក្នុងភូមិសាស្រ្តស្រុកអង្គស្នួល នាំឱ្យប៉ះពាល់ឃុំដែលនៅជាប់ដងស្ទឹងគឺឃុំលំហាច ឃុំព្រៃពួច និងឃុំក្រាំងម្កាក់ សរុបភូមិប៉ះពាល់ចំនួន ៦ ភូមិ រួមមានភូមិយសមេត្រី ភូមិពាម ភូមិស្រែខ្សាច់ ភូមិប្រាំបីមុម ភូមិអន្លង់ស្វាយ និងភូមិត្រពាំងរកា ប៉ះពាល់ស្រូវប្រាំងចំនួន ១០ ហិចតា ដំណាំមួយចំនួន និងវត្តចំនួន ០២ ជម្លៀសប្រជាពលរដ្ឋរកទីទួលសុវត្ថិភាពចំនួន ១២ គ្រួសារ ។

អត្ថបទទាក់ទង