រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ក្នុងខេត្តកណ្តាល ទទួលបានវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ

++++++ខេត្តកណ្តាល៖ ឯកឧត្តម ឌឹម ប៉ូរ៉ា អភិបាលរងខេត្តកណ្តាល បានជំរុញ និងលើកទឹកចិត្តដល់ អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងមន្ទីរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ រៀនសូត្របន្ថែមក្នុងវគ្គបណ្តុះបណ្តាលនាថ្ងៃនេះ ដើម្បីលើកកម្ពស់ ប្រសិទ្ធភាពលើការផ្តល់សេវាអត្រានុកូលដ្ឋាន ដូចជា សំបុត្រកំណើត អាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗជាច្រើនទៀតឱ្យកាន់តែល្អប្រសើរ និងត្រឹមត្រូវតាមច្បាប់ ជូនប្រជាពលរដ្ឋ។ ការជំរុញនេះធ្វើឡើងនៅក្នុង ពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញស្តីពី របៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងលិខិតបទដ្ឋានគិតយុត្តថ្មីៗ ដែលមានរយៈពេល ២ថ្ងៃ ជូនដល់អាជ្ញាធរ ក្រុង-ស្រុក ឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងមន្ទីរពាក់ព័ន្ធជាង ៣០០នាក់ នៅសាលាខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តម ឌឹម ប៉ូរ៉ា បានញ្ជាក់ថា បច្ចុប្បន្ននេះការចុះបញ្ជីអត្រានុកូលដ្ឋានក្នុងខេត្តកណ្តាល មានភាពល្អប្រសើរជាងមុន ដោយប្រជាពលរដ្ឋមានការយល់ដឹងពីសារៈប្រយោជន៏ នៃការប្រើប្រាស់ ឯកសារអត្រានុកូលដ្ឋាន និងដោយមានតម្រូវការឯកសារអត្រានុកូលដ្ឋានពីស្ថាប័នផ្សេងៗ ធ្វើឲ្យប្រជាពលរដ្ឋបានមកស្នើសុំចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទបានទាន់ពេលវេលាសម្រាប់ប្រើប្រាស់ជាឯកសារផ្លូវច្បាប់។ឯកឧត្តម បានបញ្ជាក់បន្ថែមថា កាលពីឆ្នាំ២០២២កន្លងទៅនេះ ប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលបានមក ចុះបញ្ជីអត្រានុកូលដ្ឋានគ្រប់ប្រភេទសរុបមានចំនួន ៥៩,២៤៤ ស្រី ២៩,៣៤៩ ក្នុងនោះកំណើត មានចំនួន ១៨,៦៣៥ ស្រី ៩១១៣ បញ្ជាក់កំណើត ១៣,៤៨៨ ស្រី ៦,៨៣៥ មរណភាព ៦,៥២៩ ស្រី ៣,១៤៥ អាពាហ៍ពិពាហ៍ ១០,២៩៦ គូ ។

ហើយចំពោះការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គិត ចាប់ពី០៩ ខែកក្កដា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ការិយាល័យ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានបញ្ចូលទិន្នន័យទៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានចំនួន ៩៦០,០៤០ នាក់ ប្រុស៤៥៨,៧៨៤ នាក់ ក្នុងនោះចែកសន្លឹកអត្តសញ្ញាណប័ណ្ណគំរូថ្មី ជូនប្រជាពលរដ្ឋសរុបមានចំនួន ៤១៧,២៣៣ នាក់ ប្រុស១៨៣,៣២១ នាក់ ។ថ្លែងនៅក្នុងពិធីនេះដែរ ឯកឧត្តម ផុន លីវិរៈ អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានចាត់ទុកការងារអត្រានុកូលដ្ឋាន គឺមានសារសំខាន់ខ្លាំងណាស់ ដែលចាំបាច់តម្រូវឱ្យមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ខ្ពស់ ទៅលើបែបបទ និងនិតិវិធីឲ្យបានត្រឹមត្រូវ ដើម្បីចៀសឲ្យផុតពីបញ្ហាកំហុសឆ្គងនានា ដែលអាចបង្កឲ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋ។ឯកឧត្តមបានបន្តថា ការងារអត្រានុកូលដ្ឋានអាចអនុវត្តទៅទទួលបានជោគជ័យ គឺត្រូវពឹងផ្អែកទៅលើស្មៀនឃុំ និងមេឃុំ ចៅសង្កាត់ពីព្រោះពួកគាត់បានទទួលការបណ្ដុះបណ្ដាលបានច្រើនជាងគេក្នុងការងារនេះ ហេតុដូច្នេះហើយទើបតម្រូវឱ្យស្មៀនឃុំ និងមេឃុំត្រូវសហការគ្នា យកចិត្តទុកដាក់ខ្ពស់ទៅលើទិន្នន័យអត្រានុកូលដ្ឋានដែលមានដូចជា អក្ខរាវិរុទ្ធ នាមខ្លួន នាមត្រកូល ថ្ងៃខែឆ្នាំកំណើត ឈ្មោះឪពុក ម្ដាយ និងទីកន្លែងកំណើតឱ្យបានច្បាស់លាស់មុននឹងចុះចូលក្នុងបញ្ជី។

អត្ថបទទាក់ទង