++++++++++++++++++++ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណត្តិទី០៣ ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣។ ថ្លែងក្នុងពិធីបើកកិច្ចប្រជុំឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានគូសបញ្ជាក់ថា៖ បូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកណ្ដាលនាពេលនេះ គឺជាសក្ខីភាពដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនៅលក្ខន្តិកៈរបស់សមាគម ដែលជា "នីតិបុគ្គល" តំណាងអោយសំឡេង និងជាអ្នកការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ និងសង្កាត់ទាំងអស់ក្នុងខេត្តកណ្ដាល ព្រមទាំងជាអ្នកអភិវឌ្ឍន៍សមត្ថភាព និងបង្កើតប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ដែលនឹងរួមចំណែកលើកកម្ពស់គុណភាពនៃជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវសមិទ្ធផលចម្បងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ កិច្ចប្រជុំក្រុមប្រឹក្សាសមាគម នឹងត្រូវដំណើរការដើម្បីបង្ហាញអំពីសមិទ្ធផលការងារឆ្នាំ២០២២ ពិនិត្យ និងអនុម័តផែនការសកម្មភាពថវិកាឆ្នាំ២០២៣ ព្រមទាំងពិនិត្យកម្មវិធីមូលនិធិមរណៈសង្គ្រោះ។ ឯកឧត្តមក៏បានបញ្ជាក់បន្ថែមទៀតថា៖ រាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃបានសម្របសម្រួល និងគាំទ្រទាំងស្រុងចំពោះគំនិតផ្ដួចផ្ដើមបង្កើតឲ្យមាន (សមាគមក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាមរាជធានី-ខេត្ត) និង "សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់" នៅឆ្នាំ២០០៦ ដែលជាតំណាងឲ្យសំឡេងរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់នៅទូទាំងប្រទេស។ សូមបញ្ជាក់ថា៖ គោលបំណងនៃការបង្កើតសមាគមរដ្ឋបាលថ្នាក់ក្រោមជាតិ គឺបង្កើតជានីតិបុគ្គលធ្វើជាតំណាងឲ្យក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ដែលជាសមាជិករបស់ខ្លួនសំដៅការពារផលប្រយោជន៍រួមរបស់សមាជិក ជំរុញកិច្ចសហប្រតិបត្តិការរវាងសមាជិក និងការអភិវឌ្ឍន៍សមត្ថភាព និងលទ្ធភាពសម្រាប់ការធ្វើឲ្យប្រសើរឡើងនៅមុខងារ និងធនធានតាមច្បាប់សម្រាប់សមាជិករបស់ខ្លួនតាមរយៈការចូលរួមក្នុងដំណើរការតស៊ូមតិ ការពិភាក្សា ពីព្រោះយោបល់លើការរៀបចំគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផ្សេងៗរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិ។