រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធចំនួន២ឃុំ ស្ថិតក្នុងស្រុកពញាឮ

++++++++++ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅឃុំភ្នំបាត និងឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នារសៀលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន បានបញ្ជាក់ថា គោលបំណង​នៃ​ការប្រជុំ​ផ្សព្វផ្សាយ​ថ្ងៃនេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​ដំណើរការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​រួមមាន​ការកំណត់​ព្រំដី ការវាស់វែង និង​ការវិនិច្ឆ័យ ដែល​អនុវត្ត​ផ្ទាល់​ដោយ​មន្ត្រី​ជំនាញ នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត សហការ​ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ទីរ អង្គភាព​គ្រប់គ្រង​ដី​រដ្ឋ​ដែល​ពាក់ព័ន្ធ ។អាជ្ញាធរខេត្ត បានប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋដើម្បីអោយមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺ​ចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាម​នីតិវិធី និង​បច្ចេកវិទ្យា​ទំនើប មាន​តម្លាភាព និងការទទួល ខុសត្រូវ ដែល​ប្រទេស​ជឿនលឿនលើពិភពលោក ​កំពុង​អនុវត្ត ហើយមាន​ប្រសិទ្ធភាព​លើការគ្រប់ គ្រងដី ធ្លី។ ឯកឧត្តមបន្ដថា យើងនឹងបន្តខិតខំការវាស់វែងបន្ថែមទៀត និងស្នើសុំបងប្អូនចូលរួមសហការត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ និងបោះបង្គោលព្រំដីឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមន្ត្រីចុះបំពេញការងារបានលឿនឆាប់រហ័ស។ ឯកឧត្តមក៏បានកោតសរសើរលោកអភិបាលស្រុក ក៏ដូចជាមន្ទីរដែនដី បានខិតខំក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងវាយតម្លៃការខិតខំព្យាយាមរបស់មន្ត្រីសុរិយោដីអនុវត្តតួនាទី ភារកិច្ចផ្តល់ផ្លែផ្កានាពេលកន្លងមក។ ថ្លែងក្នុងឱកាសនោះ លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា៖ ការប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណះជាប្រព័ន្ធ គឺស្របតាមគោលនយោបាយរបស់រាជ រដ្ឋាភិបាល ដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លីដើម្បីអោយ កម្មវិធីនេះអនុវត្តទៅសម្រេចបានជោគជ័យបានគឺទាមទារការ ខិតខំប្រឹងប្រែងរបស់ មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ពិសេសគឺប្រជាពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុល់ បង្ហាញទីតាំងដីព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យអោយបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់។ លោកក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ផ្តល់​ការគាំទ្រ យោគយល់ និង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រុមការងារ​មន្ត្រី​ជំនាញ ក្នុង​ដំណើរការ​ចុះបញ្ជី​ដី​ធី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នេះ អោយបាន​ជោគជ័យ​៕

អត្ថបទទាក់ទង