ខេត្តកណ្តាល៖រសៀលថ្ងៃទី១ ខែ កុម្ភះ ឆ្នាំ ២០២៣ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្តកណ្តាល អញ្ជើញជាអធិបតី ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម័យប្រឡង ៥ ធ្នូ ២០២២ មុនពេលចូលរួមពិធីសំណេះសំណាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាយកកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោកអភិបាលក្រុង ស្រុក ពាក់ព័ន្ធ កងកម្លាំងទាំងបី និងអាណាព្យាបាលសិស្សានុសិស្សជាច្រើនរូបផងដែរ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលនេះលោកជំទាវអភិបាលរងខេត្តបានបញ្ជាក់ថា ការជួបជុំនាពេលនេះគឺជាសក្ខីភាពនូវការលើកទឹកចិត្ត និងការគាំទ្រយ៉ាងខ្លាំងក្លារបស់របស់ថ្នាក់ដឹកនាំខេត្ត ព្រមទាំងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា រួមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់វិស័យអប់រំ យុវជន និងកីឡា។ក្នុងឱកាសនោះលោកជំទាវ បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស និងជាយុវជនបន្តវេនត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ និងត្រូវខិតខំហាត់ពត់ លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ដឹកនាំទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ និងត្រូវត្រៀមខ្លួនឱ្យបានល្អ ដើម្បីបន្តចូលរៀននៅឧត្តមសិក្សា នាឆ្នាំសិក្សាថ្មីខាងមុខនេះ សូមឱ្យក្មួយៗទាំងអស់ទទួលបាននូវសុខភាពល្អ និងសម្រេចបានជោគជ័យក្នុងវិជ្ជាជីវៈរបស់ខ្លួននាពេលអនាគត។