ខេត្តកណ្តាល៖ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ គណៈកម្មការរដ្ឋបាលស្ដីពីតួនាទីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធខេត្តកណ្ដាល រៀបចំដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានបើកវគ្គបណ្ដុះបណ្ដាលដល់ឃុំចំនួន៥ឃុំ គឺឃុំសំរោងធំ ឃុំកំពង់ស្វាយ និងឃុំគគីរធំ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ជូនដល់ មេឃុំ មេភូមិ និងចាស់ព្រឹទ្ធាចារ្យដើម្បីអោយយល់ច្បាស់ពីនីតិវិធីការចុះបញ្ជីដីធ្លី និងយល់ច្បាស់ពីនីតិវិធីច្បាប់ និងសាររាចរណ៍ណែនាំតួនាទី និងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នាព្រឹក ។ លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានមានប្រសាសន៍ថា៖គណៈកម្មការដែលទទួលបាន វគ្គបណ្តុះបណ្តាលនាថ្ងៃនេះត្រូវត្រងត្រាប់ស្តាប់ និងយកចិត្តទុកដាក់សិក្សារៀនសូត្រ សហការជាមួយមន្រ្តីសុរិយោដី ដែលចុះមកវាស់វែងដីជូនប្រជាពលរដ្ឋនៅ ឃុំទាំង៥ នៅថ្ងៃខាងមុខនេះអោយទទួលបានជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។ លោកអនុប្រធានមន្ទីរ បានបន្តថា៖ ការបើកវគ្គបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាល ស្ដីពីតួនាទី និងភារៈកិច្ចក្នុងការអនុវត្តនីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះគឺដើម្បីអោយលោក លោកស្រីដែលជាសិក្ខាកាមបានយល់ច្បាស់ពីនិតិវិធី នៃការកំណត់ចុះវាស់វែងដីជូនប្រជាពលរដ្ឋប្រកបដោយភាពត្រឹមត្រូវ និងដើម្បីអោយប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធសំគាល់ដីរបស់ខ្លួន និងកាត់បន្ថយបញ្ហាទំនាស់ដីធ្លីរវាងម្ចាស់ដីដែលនៅជាប់ព្រំជាមួយគ្នា។ លោកអនុប្រធានមន្ទីរ ក៏បានអំពាវនាវដល់ លោកមេភូមិ ឃុំ និងចាស់ព្រឹទ្ធាចារ្យ ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋអោយបានគ្រប់ៗគ្នា ដោយអោយពួកគាត់រៀបចំនៅឯកសារពាក់ព័ន្ធទាំងអស់ រួមមាន៖ សំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងឯកសារផ្សេងៗ ដែលជាប់ទាក់ទងក្នុងការវាស់វែងដីនេះដើម្បីងាយស្រួលក្នុងការវាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋអោយបានឆាប់រហ័ស។ ទន្ទឹមនឹងនោះ លោកអនុប្រធានមន្ទីរ ក៏បានជំរុញដល់មន្រី្តពាក់ព័ន្ធ និងក្រុមចុះបញ្ជីទាំងអស់ត្រូវខិតខំបន្ថែមទៀតលើការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះដើម្បីឈានទៅសម្រេចបានចក្ខុវិស័យរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានដាក់ចេញ។ ថ្លែងក្នុងឱកាសនោះ លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ បានមានប្រសាសន៍ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្លាំង លើការងារចុះបញ្ជីដីធ្លីនេះដើម្បីចូលរួមចំណែកក្នុងការបង្កើននូវសុវត្តិភាព នៃការកាន់កាប់ដីធ្លី កាត់បន្ថយបញ្ហាទំនាស់ និងជំរុញអភិវឌ្ឍន៍ទីផ្សារដីធ្លីប្រកបដោយប្រសិទ្ធភាពខ្ពស់ កាត់បន្ថយភាពក្រីក្រ ស្ថេរភាពសង្គម និងការអភិវឌ្ឍន៍សេដ្ឋកិច្ចអោយបានប្រសើរឡើង។ លោកអភិបាលស្រុក បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវធ្វើការផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋត្រូវកំណត់អោយបានច្បាស់លាស់ ត្រឹមត្រូវនៅព្រំប្រទល់ដីជាមួយអ្នកជិតខាង និងបោះបង្គោលអោយរឹងមាំ។ជាពិសេសពាក់ព័ន្ធនឹងដីធ្លីនេះត្រូវអោយបងប្អូនប្រជាពលរដ្ឋត្រៀមនៅ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ សំបុត្រកំណើត សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ សំបុត្រមរណៈភាព លិខិតបញ្ជាក់ដីធ្លី បណ្តាំមរតក រឺសាក្រមតុលាការជាដើមដើម្បីអោយក្រុមការងារងាយស្រួលក្នុងការចុះវាស់វែង។ លោកអភិបាលស្រុក បានរំលឹកដល់គណកម្មការរដ្ឋបាលដែលមានសមាសភាព ឃុំ ភូមិ ត្រូវពិនិត្យអោយបានត្រឹមត្រូវនូវតួលេខដីរដ្ឋ សាលារៀន វត្ត បឹង ព្រែក ដែលមាននៅក្នុងមូលដ្ឋានដេីម្បីនៅពេលដែលប្រកាសតំបន់វិនិច្ឆយ័ក្នុងឃុំ ត្រូវកំណត់អោយច្បាស់លាស់ថាតេីមានផ្ទៃដីប៉ុន្មានត្រូវចូលក្នុងបញ្ជី ផ្ទៃដីប៉ុន្មានដែលត្រូវត្រៀមធ្វេីការអភិវឌ្ឍន៏ក្នុងឃុំតាមផែនការរបស់ស្រុកនាពេលខាងមុខ៕