រាជធានីភ្នំពេញ ៖ រសៀល ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលរួមជាមួយឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល ចូលរួមគោរពវិញ្ញាណក្ខន្ធលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹម ដែលបានទទួលមរណភាព កាលពីថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣ ដែលត្រូវជាភរិយារបស់ ឯកឧត្តម តាន់ បញ្ញាវុធ។មរណភាពរបស់ លោកជំទាវ គឺជាការបាត់បង់នូវ ភរិយា ម្ដាយ ម្ដាយក្មេក បងប្អូន និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ មានទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ដែលក្នុងមួយជីវិតរបស់ លោកជំទាវបានខិតខំប្រឹងប្រែងបីបាច់ថែរក្សា អប់រំ ផ្តល់ដំបូន្មានល្អដល់កូនៗ និងថែរក្សាសុភមង្គលគ្រួសារ ប្រកាន់ខ្ជាប់នូវសីលធម៌គុណធម៌ និងទង្វើល្អប្រពៃ ក្នុងបុព្វហេតុមនុស្សធម៌។ក្នុងមរណទុក្ខដ៏ក្រៀមក្រំក្តុកក្តួលបំផុតនេះ ក្នុងនាមរដ្ឋបាលខេត្តកណ្ដាល សូមលើកហត្ថប្រណមឧទិ្ទសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ លោកជំទាវ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។