++++++++ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា និងពិធីសម្ពោធសមិទ្ធិផលនានា ក្នុងវត្តអង្គសិរី ស្ថិតនៅឃុំភ្នំបាត ស្រុកពញាឮ នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៏ថា នេះគឺជាសមិទ្ធិផលថ្មីមួយទៀតសម្រាប់ស្រុកពញាឮ ដែលបានបង្ហាញឲ្យឃើញពីការរីកចំរើនបន្ថែមទៀតក្នុងពុទ្ធសាសនា កកើតចេញពីមូលដ្ឋានគ្រឹះដ៍សំខាន់នៃសុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យរបស់ប្រទេសជាតិ ដែលកំពុងតែដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខសង្គម ។ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា ថ្ងៃនេះ យើងទាំងអស់គ្នា ពិតជាមានសេចក្តីសប្បាយរីករាយ ប្រកបទឹកចិត្តជ្រះថ្លាបរិសុទ្ធក្នុងព្រះពុទ្ធសាសនា ដោយបានប្រារព្ធពិធីបុណ្យ នៅក្រោមម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាស្ថាបនិកមគ្គុទេសន៍ឯក ប្រតិបត្តិករនយោបាយឈ្ន-ឈ្នះ បាននាំមកនូវការអភិវឌ្ឍឥតឈប់ឈរ មានស្ថិរភាពនយោបាយ មានសន្តិភាពពិតប្រាកដ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយភាពសុខសាន្ត ដែលមិនធ្លាប់មានក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ នៃប្រវត្តិសាស្រ្តកម្ពុជា។ ឯកឧត្តមអភិបាលខេត្ត ក៍បាន ផ្តាំផ្ញើដល់លោកយាយ លោកតា ក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋ ត្រូវ បន្តគាំទ្រ ជឿជាក់លេីការដឹកនាំសម្តេចតេជោ ដែលនាំលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស សុខសន្តិភាព និងការអភិវឌ្ឍជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល សូមកុំជឿការបំពុលព័ត៌មានរបស់ជនអគតិមួយចំនួនមកលេីរាជរដ្ឋាភិបាលកម្ពុជា។ក្នុងឱកាសនោះដែរ ឯកឧត្ត បានជំរុញដល់ អាជ្ញាធរស្រុក និងមន្ត្រីពាក់ព័ន្ធ ត្រូវយកចិត្តទុក គិតគូ ប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាធិជាដើម គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ត្រូវយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ ។ ជាពិសេសត្រូវបន្តអនុវត្តផែនការចុះបញ្ជីដី រួមទាំងការចុះបញ្ជីដីរដ្ឋ ដីសាធារណរបស់រដ្ឋ ដីសម្បទានសេដ្ឋកិច្ច ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ដែលជាទុនផ្តល់ដោយរាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ សម្រាប់រស់នៅ ដាំដុះ និងវិនិយោគ ដើម្បីបង្កើតមុខរបរ និង បង្កើនប្រាក់ចំណូល។