រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

វេទិកាសាធារណៈ ស្ដីពីការបូមខ្សាច់ដើម្បីគាំទ្រកិច្ចសហប្រតិបត្តិការបោសសំអាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវានៅបាតទន្លេ ក្នុងភូមិសាស្ត្រស្រុកលើកដែក និងស្រុកពាមជរ ខេត្តព្រៃវែង

+++++++ខេត្តកណ្ដាល៖ ឯកឧត្ដម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី ក្នុងវេទិកាសាធារណៈ នៅក្នុងឃុំពាមរាំង​ ស្រុកលើកដែក​ ដើម្បីពន្យល់ពីដំណើរការ នៃកិច្ចប្រតិបត្តិការ បោសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេដោយមានការចូលរួមពី តំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល អភិបាលរងខេត្តព្រៃវែង អាជ្ញាធរស្រុកលើកដែក និងប្រជាពលរដ្ឋសជាង៣០០នាក់។ ថ្លែងក្នុងវេទិកានេះ ឯកឧត្ដម ហេង រតនា បានបញ្ជាក់ថា គណ:កម្មការអន្តរក្រសួង រួមជាមួយរដ្ឋបាលស្រុកលើកដែក ខេត្តកណ្តាល​ និងរដ្ឋបាលស្រុកពាមជរ ខេត្តព្រៃវែង​ បានរៀបចំវាទិកាសាធារណៈនេះ​ឡើងក្នុងគោលបំណង​ ដើម្បី​ផ្សព្វផ្សាយ ​ស្តីពី​កិច្ចប្រតិបត្តិការ​ស្រង់គ្រាប់មិនទាន់ផ្ទុះ​ និងបំណែកនាវាដែលបានរកឃើញ នៅបាតទន្លេស្ថិតតំបន់ក្បាលកោះ នៃកោះពាមរាំង​ ឃុំកោះចេក ដើម្បីស្វែងយល់ និងដោះស្រាយកង្វល់​ និងសំណូមពរ​ របស់ប្រជាពលរដ្ឋដែលកំពុងរស់នៅ លើកោះពាមរាំង​ និងក្បែរតំបន់ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ។ ឯកឧត្ដម បានពន្យល់ថា ការបូមខ្សាច់​នៅបាតទន្លេ នៅភូមិសាស្ត្រនេះ គឺដើម្បីងាយស្រួលដល់ការ​បោស​សំអាតសំណល់ជាតិផ្ទុះពីសម័យសង្គ្រាម មិនមែនជាការធ្វើអាជីវកម្មមូមខ្សាច់នោះទេ សូមបងប្អូនប្រជាពលរដ្ឋកុំមាន​ការ​យល់ច្រឡំ ។

ហើយក្នុងកិច្ចប្រតិបត្តិការនេះក្រុមការងារបានគិតគូរ និងការប្រើប្រាស់សម្ភារៈបច្ចេកទេសទាន់សម័យ​ មានរូបភាពផែនទីច្បាស់លាស់ ដើម្បីបំរើកិច្ចបោសសម្អាតគ្រាប់មិនទាន់ផ្ទុះមានបរិមាណច្រើនតោន ដែលលិចក្រោមដីបាតទន្លេ​ សំដៅរក្សាសេចក្តីសុខ សុវត្ថិភាពប្រជាពលរដ្ឋ និងសង្គមជាតិ​ ក៏ដូចគាំទ្រដល់ការអភិវឌ្ឍនប្រទេសជាតិ។​ ឯកឧត្តមបានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយជំរុញឱ្យការអនុវត្តនូវប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងនាវាដែលលិចនៅក្នុងទន្លេ​នេះ កុំឱ្យមានផលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ដោយក្តីបារម្ភពីសុខសុវត្ថិភាព របស់ប្រជាពលរដ្ឋ ពីផលប៉ះពាល់ដោយសារគ្រាប់មិនទាន់ផ្ទុះ ទើបសម្រេចចិត្តបង្កើតឱ្យមានការបោសម្អាតគ្រាប់មិនទាន់ផ្ទុះ និងស្រង់នាវាលិចនៅបាតទន្លេនេះឡើង។ ឯកឧត្ដមបានអំពាវនាវដល់ប្រជាពលដ្ឋ សូមលើកឡើងនូវកង្វល់ និងបញ្ហាប្រឈមនានា ដើម្បីពិភាក្សាគ្នារកដំណោះស្រាយ ជាពិសេសសូមបងប្អូន ជួយចូលរួមសហការជាមួយក្រុមការងារបច្ចេកទេស ដើម្បីរុករកយុត្តិភណ្ឌមិនទាន់ផ្ទុះឱអស់ពីក្នុងទន្លេនេះតាមផែនការដែលបានគ្រោងទុក។ គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការរុករកសំណល់ជាតិផ្ទុះ នៅកោះពាមរាំង មានកម្លាំងអនុវត្តចំនួន៦៧នាក់ ក្នុងនោះមានកម្លាំង​ស៊ីម៉ាក់ អង្គភាពពិសេស៩១១ រួមទាំងការប្រើប្រាស់សម្ភារសំខាន់ៗជាច្រើនប្រភេទ ។ គិតចាប់តាំងពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ រហូតមកដល់ថ្ងៃនេះ ក្រុមការងារបានរកឃើញ គ្រាប់ និងមីនសរុបចំនួន ២៧០៧គ្រាប់ ក្នុងនោះមានមីនចំនួន ៣៦គ្រាប់ គ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ២៦៧១គ្រាប់ កាំភ្លើងធុនស្រាល ២ដើម និងបំណែកនាវាប្រមាណជាង ៦៦១៣គីឡូក្រាម។

អត្ថបទទាក់ទង