+++++++++++ខេត្តកណ្តាល៖ក្បាលដីចំនួន២,៤៥៥ក្បាលដី ក្នុងភូមិថ្មគរ និងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ត្រូវបានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធ នាព្រឹកថ្ងៃទី៨ ខែកុម្ភះ ឆ្នាំ ២០២៣ ។ លោក ទៀង កុស្យារៈ អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិថ្មគរ និងភូមិផ្លូវត្រី សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីក្នុងភូមិខាងលើមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា។ លោកបន្តថា៖ការបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ នាពេលនេះគឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី៨ ខែកុម្ភះ ដល់ថ្ងៃទី ២២ ខែកុម្ភះ ឆ្នាំ២០២៣ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ។ លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យដើម្បីបញ្ជាក់ថាទិន្នន័យក្បាលដីរបស់បងប្អូន ពិតជាត្រឹមត្រូវដែររឺទេប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយដូចជា ខុសឈ្មោះ ថ្ងៃ ខែ ឆ្នាំ កំណើត អាយុ ភេទ ទំហំដី និងប្រភេទទ្រព្យជាដើមនោះម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងកំឡុងពេល១៥នេះ ក្រោយពីការបិទផ្សាយនេះចប់ជាស្ថាពរ អ្នកកាន់កាប់ដីនិងអង្គភាពពាក់ព័ន្ធទាំងអស់មិនអាចតវ៉ាបានទៀតឡើយ។ អាស្រ័យហេតុនេះក្រោយពេល១៥ ថ្ងៃនៃការបិទផ្សាយត្រូវបានបញ្ចប់ ក្រុមការងារដែលប្រចាំការនៅទីនោះសូមធ្វើការសហការជាមួយអាជ្ញាធរដែនដី ជាពិសេសលោកមេភូមិសូមជូនដំណឹងដល់ប្រជាពលរដ្ឋ មកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នា។ លោក កន សុខកាយ អភិបាលស្រុកល្វាឯម បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជាអ្នកកាន់កាប់ដីធ្លីនៅក្នុងភូមិខាងលើ សូមបង្កលក្ខណៈផ្ដល់ភាពងាយស្រួល និងចូលរួមសហការអោយបានរលូនជាមួយក្រុមការងាចុះបញ្ជីដីធ្លី ដើម្បីអោយការអនុវត្តតាមនិតិវិធី នៃការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងដើម្បីអោយប្រជាពលរដ្ឋទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីដែលជាឯកសាររដ្ឋបាលបញ្ជាក់ពីសិទ្ធិជាម្ចាស់ដីពិតប្រាកដ និងការពារដោយច្បាប់៕