រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ប្រជាពលរដ្ឋរស់នៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ទទួលបានសមិទ្ធផលថ្មីមួយទៀត គឺផ្លូវបេតុង ១ខ្សែ ប្រវែង ១ពាន់ម៉ែត្រ

+++++++ខេត្តកណ្តាល ៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលបានលើកឡើងថា ពិធីសម្ពោធផ្លូវបេតុងមួយខ្សែនេះមានសារៈសំខាន់ណាស់ គឺជាឆ្លើយតបទៅនឹងតំរូវការចាំបាច់នៅមូលដ្ឋាន ហើយចាប់ពីពេលនេះទៅ បងប្អូនប្រជាពលរដ្ឋនឹងលែងជួបការលំបាកក្នុងការធ្វើដំណើរទៀតហើយ នៅឆ្នាំក្រោយឯកឧត្តមអភិបាលខេត្តក៏បានប្រកាសថា នឹងផ្ដល់ផ្លូវបេតុងប្រវែង ១០០០ម៉ែត្រ បន្ថែមទៀតជូនដល់ប្រជាពលរដ្ឋក្នុងឃុំកោះខ្សាច់ទន្លាផងដែរ។ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងដូច្នេះនៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន ១ខ្សែ ប្រវែង អាមេប្រវែង ១០០០ម៉ែត ទទឹង ៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ នៅភូមិបទុមសាគរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពី អាជ្ញាធរស្រុកស្អាង មន្ទីរជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៣០០នាក់។ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ យ៉ាងខ្លាំង ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសន្តិភាព និងមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសលើការកសាងហេដ្ឋារចនាសម័ន្ធនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ នៅគ្រប់ឃុំ ស្រុក ជាក់ស្តែងការបើការរដ្ឋានសាងសង់ផ្លូវនេះជាសក្ខីភាពស្រាប់ ។

ឯកឧត្ដមបន្តថា ដោយកត្តាសន្តិភាព ទើបថ្នាក់ដឹកនាំខេត្ត មានឱកាសអភិវឌ្ឍន៍មូលដ្ឋាន ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ហើយក៏ជាសមិទ្ធផលថ្មី១ទៀត ដែលបង្ហាញពីការគិតគូរសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ទៅមក និងដឹកកសិផលទៅកាន់ទីផ្សារ សំដៅចូលរួមអនុវត្តន៍នយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ពីព្រោះផ្លូវគឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលស្រុកស្អាង ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះ ស្រាយឆ្លើយតបឱ្យបានឆាប់រហ័ស។

អត្ថបទទាក់ទង