ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល នាព្រឹកថ្ងៃទី ១០ ខែកុម្ភះ ឆ្នាំ២០២៣។ មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម តាំង ម៉េងលាន បានបញ្ជាក់ថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែលពាក់ព័ន្ធ ។អាជ្ញាធរខេត្ត បានប្រកាសកំណត់តំបន់វិនិច្ឆ័យដីធ្លីលក្ខណៈជាប្រព័ន្ធជូនបងប្អូនប្រជាពលរដ្ឋដើម្បីអោយមានប័ណ្ណកម្មសិទ្ធស្របច្បាប់គ្រប់ៗគ្នា ហើយការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួល ខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់ គ្រងដី ធ្លី។ ឯកឧត្តមបន្ដថា យើងនឹងបន្តខិតខំការវាស់វែងបន្ថែមទៀត និងស្នើសុំបងប្អូនចូលរួមសហការត្រៀមឯកសារអត្តសញ្ញាណប័ណ្ណ និងបោះបង្គោលព្រំដីឲ្យបានត្រឹមត្រូវ ដើម្បីឲ្យមន្ត្រីចុះបំពេញការងារបានលឿនឆាប់រហ័ស។ ឯកឧត្តមក៏បានកោតសរសើរដល់លោកអភិបាលស្រុក អាជ្ញាធរមូលដ្ឋានក៏ដូចជាមន្ទីររៀបចំដែនដី ដែលបានខិតខំក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្ត ក្នុងការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ និងបានវាយតម្លៃក្នុងការខិតខំព្យាយាមរបស់មន្ត្រីសុរិយោដីអនុវត្តតួនាទី ភារកិច្ចផ្តល់ផ្លែផ្កានាពេលកន្លងមក។ ថ្លែងក្នុងឱកាសនោះ លោក សុក កាន់រិទ្ធ ប្រធានមន្ទីររៀបចំ ដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានថ្លែងថា៖ ការប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមាន លក្ខណះជាប្រព័ន្ធ គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីបញ្ចៀសការកើតមានទំនាស់ដីធ្លីដើម្បីអោយ កម្មវិធីនេះអនុវត្តទៅសម្រេចបានជោគជ័យបានគឺទាមទារការ ខិតខំប្រឹងប្រែងរបស់ មន្ត្រីអនុវត្តកម្មវិធីផ្ទាល់ ពិសេសគឺប្រជាពលរដ្ឋម្ចាស់ដីផ្ទាល់ដែលមានកាតព្វកិច្ចចូលរួមសហការចង្អុលបង្ហាញទីតាំងដី ព្រំដីផ្ដល់ព័ត៌មានផ្ទាល់មាត់ និងផ្តល់ឯកសារ ពាក់ព័ន្ធទាំងឡាយដែលជាតម្រូវការចាំបាច់បំផុតដែលក្រុមការងារត្រូវតែប្រមូលទិន្នន័យអោយបានគ្រប់គ្រាន់តាមទម្រង់ និងនិតិវិធីដែលបានកំណត់។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធីមានលក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ៕