ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុង ពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០២០-២០២១ ជូនដល់រដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការផ្តល់សេវារដ្ឋបាលថ្នាក់ក្រោមជាតិគឺជាគោលការណ៍មួយដ៏ល្អ និងមានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែខិតខំប្រឹងប្រែងបន្តទៀត ក្នុងការពង្រីកសេវានេះឱ្យបានកាន់តែច្រើន និងល្អប្រសើរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ប្រជាពលរដ្ឋ និងការឆ្លើយតបបានយ៉ាងឆាប់រហ័សចំពោះតម្រូវការជាអាទិភាពនានារបស់មូលដ្ឋាននីមួយៗ។ រដ្ឋបាលក្រុងស្រុក និងឃុំសង្កាត់ សុទ្ធតែបានទទួលនូវការផ្សព្វផ្សាយ និងការបណ្ដុះបណ្ដាលទៅលើបច្ចេកទេស នៃការអនុវត្តកម្មវិធីនេះរួចហើយដែរ ដូចជាការបំពេញនៅតារាង និងទម្រង់នានានៅសូចនាករសម្រាប់វាស់វែងនៃកម្រិតផ្កាយដែលទទួលបាន ជាពិសេសកម្មវិធីនេះ គឺជាដំណើរការនៃការវាយតម្លៃអំពីការផ្ដល់សេវាលើវិស័យសង្គមរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ឯកឧត្តមបន្តទៀតថា ការងារសេវាសង្គម បានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋយ៉ាងច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ដោយបញ្ហាសេវាសង្គមមួយចំនួនរួមមាន បញ្ហាសុខភាពមាតានិងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហាអនាម័យ បញ្ហាទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាពងាយរងគ្រោះនានាជាដើម ដែលរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវពឹងផ្អែកលើរាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ បញ្ហាទាំងអស់នេះ សុទ្ធសឹងតែជាអាទិភាពតម្រូវឱ្យស្ថាប័នពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន ប្រកបដោយសមធម៌ ។សូមជម្រាបថា ៖ ខេត្តកណ្តាល ទទួលបានជ័យលាភីពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២០-២០២១ ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេស ។ រដ្ឋបាលក្រុងតាខ្មៅ ខេត្តកណ្តាល ជាក្រុងដែលទទួលបានពានរង្វាន់ជើងឯកសេវាសង្គមរដ្ឋបាលក្រុង ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស។ ដោយឡែកសម្រាប់រដ្ឋបាលស្រុកខ្សាច់កណ្តាល គឺទទួលបានចំណាត់ថ្នាក់ផ្កាយ០៣។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ០៣មានចំនួន ០៩ឃុំ រួមមាន ឃុំព្រះប្រសប់ ឃុំព្រែកលួង ឃុំកោះឧកញ៉ាតី ឃុំពុកឬស្សី ឃុំព្រែកតាកូវ ឃុំស្វាយរមៀត ឃុំស្វាយជ្រំ ឃុំព្រែកអំពិល និងឃុំបាក់ដាវ។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ០២ មានចំនួន ០២ឃុំ រួមមានឃុំសុីធរ និងឃុំជ័យធំ។រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ ០១មានចំនួន ០២ឃុំ រួមមានឃុំព្រែកតាមាក់ និងឃុំតាឯក។