រដ្ឋបាលខេត្តកណ្តាល

Kandal Administration
ស្វែងរក

ពិធីប្រកាសសមាសភាព ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុក និងផ្សព្វផ្សាយផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់រដ្ឋបាលស្រុកគោលដៅថ្មី នៅស្រុកកណ្តាលស្ទឹង

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងពិធីប្រកាសសមាសភាព ក្រុមការងារគណនេយ្យភាពសង្គមថ្នាក់ស្រុក និងផ្សព្វផ្សាយផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ សម្រាប់រដ្ឋបាលស្រុកគោលដៅថ្មី នៅសាលាស្រុកអង្គស្មួល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សារ៉ាត់ អភិបាលរងខេត្តកណ្តាលបានបញ្ជាក់ថា គណនេយ្យភាពសង្គមថ្នាក់ស្រុក គឺបង្ហាញអំពីការតាំងចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលក្នុងឆន្ទៈនយោបាយ និងចក្ខុវិស័យរយៈពេលវែង ចំពោះការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពិសេសគឺផ្ដោតសំខាន់ទៅលើការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយរាប់បញ្ចូលទាំងស្ត្រីកុមារ ជនងាយរងគ្រោះជាដើម។ឯកឧត្តមបានជំរុញ ដល់រដ្ឋបាលស្រុកត្រូវខិតខំធ្វើឲ្យកម្មវិធីគណនេយ្យសង្គមដំណើរបានល្អ រដ្ឋបាលស្រុក ត្រូវបើកវគ្គបណ្ដុះបណ្ដាលអំពីគណនេយ្យភាពសង្គម ជូនដល់មន្ត្រីទាំងអស់ឲ្យបានច្រើន ដើម្បីបង្កើនសមត្ថភាពឲ្យពួកគាត់អនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរជូនប្រជាពលរដ្ឋ។ឯកឧត្តមបានបញ្ចាក់ថា ការ​ប្រើប្រាស់​គណនេយ្យ​ភាព​សង្គម​អាច​បង្កើន​ប្រសិទ្ធភាព​សង្គម​របស់​យើង​​ធ្វើ​ឲ្យ​​សេវា សាធារណៈ​​បម្រើ​ដល់​របស់​ប្រជាពលរដ្ឋ​បាន​កាន់តែ​ប្រសើរ ​និង​បង្កើន​ការ​ផ្ដល់​ភាព​អង់អាច​​ដល់​ប្រជាពលរដ្ឋ​របស់​យើង​បាន​ផង​ដែរ ។ឯកឧត្តមបានបន្ថែមថា គណនេយ្យភាពសង្គមបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ និងតំណាងរបស់ខ្លួនអាចការពារនូវផលប្រយោជន៍របស់ខ្លួន និងពិនិត្យតាមដានលើការបំពេញការងាររបស់ក្រុមប្រឹក្សា មន្ត្រីរដ្ឋបាល និងអ្នកផ្តល់សេវាកម្មនានាដែលជាអ្នកអនុវត្តសេចក្តីសម្រេចចិត្តទាំងឡាយពាក់ព័ន្ធនឹងសិទ្ធិបទបញ្ញត្តិ ធនធាន និងការផ្តល់សេវាកម្មនៅមូលដ្ឋានផងដែរ។សូមជម្រាបថា ក្រុមការងារគណនេយ្យភាពសង្គមកបាន រំពឹងថានឹងរួមចំណែក ផ្តល់នូវផលប្រយោជន៍នានារួមមាន៖ ការផ្តល់សេវាកម្ម និងការបែងចែកធនធានរបស់រដ្ឋបាលថ្នាក់ ក្រោមជាតិនឹងកាន់តែមានលក្ខណៈប្រកបដោយប្រសិទ្ធភាពតម្លាភាព គណនេយ្យភាព និងសមធម៌។ សហគមន៍មូលដ្ឋាន និងប្រជាពលរដ្ឋទាំងឡាយ ជាពិសេសស្តី្រ និងយុវវ័យ ដែលជាតួអង្គសំខាន់ក្នុងការចូលរួមចំណែកធ្វើឲ្យមាន ការផ្លាស់ប្ដូរ នឹងត្រូវបានលើកកម្ពស់នូវសិទ្ធិអំណាចរបស់ខ្លួន តាម រយៈការបង្កលក្ខណៈឲ្យពួកគេមានការយល់ដឹងកាន់តែច្រើន ឡើងអំពីសិទ្ធិ និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការប្រាស្រ័យ ទាក់ទងជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ។ មូលធនសង្គម ព្រមទាំងភាពជឿជាក់គ្នាក្នុងចំណោមសមាជិក នានារបស់សហគមន៍ និងរវាងប្រជាពលរដ្ឋជាមួយរដ្ឋបាលថ្នាក់ ក្រោមជាតិនឹងត្រូវបានបង្កើនឡើង ដែលជាកត្តាជំរុញឲ្យមានការ ផ្សារភ្ជាប់គ្នារបស់សង្គម និងជាមូលដ្ឋានដ៏សំខាន់ក្នុងការជំរុញទាំង ការអភិវឌ្ឍន៍សង្គម និងកំណើនសេដ្ឋកិច្ចមូលដ្ឋាន។

អត្ថបទទាក់ទង